(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មី របស់ប្រធានាធិបតីឥណ្ឌូនេស៊ី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។
ឥស្សជនដែលចូលស្បថកាន់តំណែងសំខាន់ៗនេះ រួមមាន លោក ចូកូ វីដូដូ (Joko Widodo) ជាប្រធានាធិបតី និង លោក ម៉ារូហ្វ អាម៉ីន (Ma’ruf Amin) ជាអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងត្រូវធ្វើនៅទីក្រុងហ្សាកាតា។ ប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀត ក៏នឹងមានវត្តមាននៅក្នុងពិធីនោះផងដែរ។
អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន ចូលរួមពិធីស្បថចូលកាន់តំណែងខាងលើនេះ រួមមានឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងឥស្សរៈជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងជួបដោយឡែកជាមួយ លោក ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនិងធ្វើការផ្លាស់ប្តូរយោបល់ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី និងបញ្ហានានាដែលមានការចាប់អារម្មណ៍ដូចគ្នា។
ក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងឥស្សរជនអាស៊ានផ្សេងទៀត ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការ របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន។
សូមបញ្ជាក់ថា លោក ចូកូ វីដូដូ បានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូនេស៊ី អាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ ២០១៩-២០២៤៕