(តួកគី)៖ ឆ្លៀតឱកាសពីការចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា និងតួកគី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រី Ruhsar Pekcan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មតួកគី រៀបចំឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅក្រសួងពាណិជ្ជកម្មតួកគី ទីក្រុងអង់ការ៉ា ប្រទេសតួកគី។
តាមរយៈជំនួបនេះកម្ពុជា និងសាធារណរដ្ឋតួកគី បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីថែមទៀត ដើម្បីបម្រើការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី។
លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍លទ្ធផលផ្លែផ្កានៃ កិច្ចប្រជុំថ្នាក់បច្ចេកទេសនៃ កិច្ចប្រជុំលើកទី២ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា និងតួកគី។ លោករដ្ឋមន្រ្តីបានបញ្ជាក់ជូនអំពីទំហំពាណិជ្ជកម្ម ដែលភាគីទាំងពីរសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានទំហំតិចតួចនៅឡើយ និងស្នើស្ថាប័នពាក់ព័ន្ធរបស់ភាគីទាំងពីរ ចូលរួមធ្វើការជាមួយគ្នា ដើម្បីស្វែងរកវិធានការនានា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។
លោករដ្ឋមន្រ្តី បានស្នើឱ្យក្រុមហ៊ុនអាកាសចរតួកគី Turkish Airlines បើកការហោះហើរត្រង់មកកម្ពុជា និងស្នើភាគីតួកគីផ្តល់ជំនួយបច្ចេកទេសអនាម័យ និងការចេញវិញ្ញាបនបត្រ ដើម្បីលើកកម្ពស់ម្ហូប ហាឡាល់នៅកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាកំពុងស្ថិតនៅដំណាក់ចាប់ផ្តើមនៃ ការអភិវឌ្ឍម្ហូបហាឡាល់នេះ។
ជាការឆ្លើយតបលោកស្រីរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មតួកគី Ruhsar Pekcan បានគាំទ្រ និងលើកទឹកចិត្ត ដល់ស្ថាប័នពាក់ព័ន្ធរបស់ភាគីទាំងពីរ ចូលរួមសហការជាមួយគ្នា ដើម្បីស្វែងរកវិធានការគន្លឹះ ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងឯកភាពលើការបង្កើតក្រុមការងាររួម សំដៅផ្តល់ជំនួយបច្ចេកទេសលើម្ហូបហាឡាល់ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក និងការចែករំលែកនូវបទពិសោធន៍ល្អៗ របស់តួកគីលើម្ហូបហាឡាល់ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍម្ហូបហាឡាល់នៅកម្ពុជា៕