(ភ្នំពេញ)៖ ក្រុមហ៊ុនបុរី «វេង ឡុង» ដែលសាងសង់សំណង់ផ្ទះល្វែង ដើម្បីលក់មានទីតាំងនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរងការចោទប្រកាន់ថា បាននិងកំពុងគេចវេសមិនទទួលខុសត្រូវ រយៈពេលជាង ៣ឆ្នាំមកហើយ ក្រោយពីអតិថិជនមួយចំនួន ខ្ចីបុលលុយចងការប្រាក់ក្នុងម្នាក់ៗ រាប់ម៉ឺនដុល្លារពីធនាគារមកកក់ទិញផ្ទះល្វែងពីក្រុមហ៊ុន មួយនេះ បែរជាស្ងាត់ៗឃើញខាងក្រុមហ៊ុនផ្សេងទៀត មកប្រកាសលក់ឡៃឡុង រហូតបច្ចុប្បន្នក្រុមហ៊ុនបុរី «Chey outdone» ចូលគ្រប់គ្រងទាំងស្រុងទៅវិញ។
តាមរយៈភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ លោក ព្រហ្ម វណ្ណដា និងភរិយាលោកស្រី គង់ សុភ័ស្ដ ជាអាជីវករលក់ដូរ ស្នាក់នៅផ្ទះលេខ141B ផ្លូវរថភ្លើង ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដទៃទៀត ដែលបានទិញផ្ទះល្វែងបុរី «វេង ឡុង» បានស្នើសុំយ៉ាងទទូចដល់ស្ថាប័នរដ្ឋពាក់ព័ន្ធ និងមន្រ្តីពាក់ព័ន្ធ មេត្តាជួយរកដំណោះស្រាយពីលោកស្រី តែ គឹមឆេង និងលោក តេង ម៉ាប់ (២នាក់ប្ដីប្រពន្ធ) ម្ចាស់ក្រុមហ៊ុនបុរី «វេង ឡុង» ដើម្បីឲ្យចេញមុខមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីក្បត់ទំនុកចិត្ត ក្នុងការដោះស្រាយរកយុត្តិធម៌តាមកិច្ចព្រមព្រៀងទិញ-លក់ ជូនអតិថិជនរបស់ខ្លួនមួយចំនួន ដែលរងទុក្ខសោកដោយសារខ្ចីបុលពីធនាគារមកទិញផ្ទះល្វែងខ្ទង់ម៉ឺនដុល្លារក្នុងម្នាក់ៗ។
នៅក្នុងកិច្ចព្រមព្រៀងទិញ-លក់ គឺមានឈ្មោះម្ចាស់សំណង់ផ្ទះល្វែងបុរីក្រុមហ៊ុន «វេង ឡុង» លោក តេង ម៉ាប់ អាយុ៥១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណខ្មែរ លេខ០១០០៧៩៨៩៨ ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០១ អាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ២១៦ ផ្លូវលេខ៣៥៩ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឈ្មោះ តែ គឹម ឆេង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណខ្មែរ លេខ០១០៤៨៤៩៨៥ ចុះថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០០៣ អាស័យដ្ឋានបច្ចុប្បន្ន ផ្ទះលេខ ២១៦ ផ្លូវលេខ ៣៥៩ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ត្រូវជាភរិយា ដែលជាភាគីអ្នកលក់។
ក្នុងកិច្ចព្រមព្រៀងទិញ-លក់ ផ្ទះល្វែងរបស់លោក ព្រហ្ម វណ្ណដា និងលោកស្រី គង់ សុភ័ស្ដ បញ្ជាក់ថា ពិតជាបានទិញផ្ទះល្វែងEO លេខ33B ដែលមានទទឹង ៤ម៉ែត្រ បណ្ដោយ ១៦ម៉ែត្រ ក្នុងគម្រោងទី៥ របស់ក្រុមហ៊ុនបុរី «វេង ឡុង» ប្រាកដមែនក្នុងទំហំទឹកប្រាក់ចំនួន ៦៣០០០ដុល្លារ ដោយបានផ្ដិតមេដៃលើឯកសារកក់ប្រាក់ជាមុនរួចរាល់ ៣លើកមកហើយ ចំនួន ១៣០០០ដុល្លារ ហើយស្នើសុំបង់រំលោះជាមួយអ្នកលក់ គឺលោកស្រី តែ គឹមឆេង ចំនួនប្រាក់ដើម ៥០០០០ដុល្លារ ក្នុងអត្រាការប្រាក់១% សម្រាប់រយៈពេល ៥ឆ្នាំ (៦០ខែ) ជារៀងរាល់ដើមខែ ចាប់ពីថ្ងៃទី០១ ខែ០៤ ឆ្នាំ២០១៦តទៅ ក្រៅពីប្រជាពលរដ្ឋដ៏ទៃទៀត ខ្ចីប្រាក់ពីធនាគារផ្សេងៗ យកមកកក់ទិញផ្ទះក្នុងម្នាក់ៗ រាប់ម៉ឺនដុល្លារ។
ក្នុងកិច្ចព្រមព្រៀងទិញ-លក់ផ្ទះល្វែងដដែល បានបញ្ជាក់ទៀតថា ជនរងគ្រោះទាំង២នាក់ប្តី-ប្រពន្ធ បានកក់ប្រាក់លើកទី១ ជូនក្រុមហ៊ុនបុរី «វេង ឡុង» ចំនួន ៥០០ដុល្លារ និងលើកទី២ ចំនួន៣០០០ដុល្លារ កាលពីថ្ងៃទី១៤ និងថ្ងៃទី២៩ ខែ០១ ឆ្នាំ២០១៦ ហើយលើកទី៣ កក់ប្រាក់នៅថ្ងៃទី២៩ ខែ០២ ឆ្នាំ២០១៦ ចំនួន ៩៥០០ដុល្លារបន្ថែមទៀត សរុប ១៣០០០ដុល្លារ ដោយក្រុមហ៊ុនធានាបន្តការសាងសង់ត្រូវបញ្ចប់កំឡុងពេលត្រឹម ១៨ខែ ប៉ុណ្ណោះ ប៉ុន្តែក្រោយមកស្រាប់តែមានហេតុការណ៍លោក តេង ម៉ាប់ និងលោកស្រី តែ គឹមឆេង ម្ចាស់ក្រុមហ៊ុនបុរី កើតជម្លោះផ្ទៃក្នុងប្ដឹងផ្ដល់លែងលះគ្នានៅស្ថាប័នតុលាការ។
ករណីនេះ លោកស្រី តែ គឹមឆេង តំណាងដោយឈ្មោះ វេង ឡុង ក៏បានចូលខ្លួនមកបំភ្លឺក្នុងនាមចុងចម្លើយ ហើយដើមចោទឈ្មោះ ព្រហ្ម វណ្ណដា (ភាគីរងគ្រោះ) ប្ដឹងទាមទារប្រាក់ ចំនួន ៥២០០០ដុល្លារ (សងជម្ងឺចិត្ត និងខាតបង់ពេលវេលា) នៅសាលាដំបូងរាជធានីភ្នំពេញ រឿងទិញ-លក់ផ្ទះល្វែងនេះឯង តាមការកោះហៅរបស់លោកក្រឡាបញ្ជី លី វ៉ាន់ហេង និងលោកចៅក្រម ធ្ធាំ ប៊ុណ្ណា កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
សូមជម្រាបថា បើតាមព័ត៌មានមួយចំនួន បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋ ចំនួន ១៩គ្រួសារ ដែលជាអតិថិជន (អ្នកទិញ) សំណង់ផ្ទះល្វែងរបស់ក្រុមហ៊ុន «វេង ឡុង» បានទទួលដំណឹងពីធនាគារមួយ ក្នុងការប្រកាសដាក់លក់ឡាយឡុងបុរី «វេង ឡុង» ទាំងមូលកំឡុងពេលដ៏ខ្លី ពោលគឺដាក់លក់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ដោយអ្នកបង់រំលោះទិញតាមរយៈ ធនាគារនៅតែបន្តបង់ និងអ្នកដែលទិញកក់ប្រាក់ តាមរយៈម្ចាស់សំណង់ មិនត្រូវបានតម្រូវឱ្យបង់បន្តទៀតឡើយ ក្រោយពីលោក តេង ម៉ាប់ និងលោកស្រី តែគឹមឆេង ម្ចាស់ក្រុមហ៊ុនបុរី «វេង ឡុង» កើតមានជម្លោះផ្ទៃក្នុងប្ដឹងផ្ដល់លែងលះគ្នានៅតុលារ។ ប៉ុន្តែមកទល់បច្ចុប្បន្ននេះ ទីតាំងក្រុមហ៊ុនបុរី «វេង ឡុង» ទាំងមូលស្ថិតក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននិងកំពុងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុនបុរី «Chey outdone»។
យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ ភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីលោក តេង ម៉ាប់ និងលោកស្រី តែ គឹមឆេង បាននោះទេចំពោះការចោទប្រកាន់ពីអតិថិជនរបស់ខ្លួន៕