(ឧត្ដរមានជ័យ)៖ លោក គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
នៅក្នុងរបាយការណ៍របស់ក្រុមការងារ បានបញ្ជាក់ច្បាស់ថា ក្រុមការងាររួមជាមួយអាជ្ញាធរ គ្រប់ថ្នាក់បានខិតខំចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បើកកវេទិការសាធារណៈ និងបានទទួលយកនូវសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានដោះស្រាយជូនពួកគាត់ជាបណ្តើរៗ និងបានលើកយកបញ្ហាប្រឈមមួយចំនួន ដែលលើសសមត្ថកិច្ចខ្លួន ដាក់ជូនថ្នាក់លើដើម្បីដោះស្រាយបន្ត។
លោក គន់ គីម បានលើកសរសើរផងដែរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្ត្រីរាជការ ដែលបានខិតខំបំពេញការងារ ក្នុងរយៈពេលកន្លងមក។ ក្នុងឱកាសនោះ លោក គន់ គីម ក៏បានផ្សព្វផ្សាយជូនអង្គប្រជុំ នូវសភាពការណ៍ថ្មីរបស់ប្រទេសជាតិ ដោយគូសបញ្ជាក់ពីការរីកចម្រើនរបស់ប្រទេសជាតិ ដោយសារប្រទេសមានសន្តិភាព។
ចំពោះការងារបន្ត លោក គន់ គីម បានជំរុញឲ្យក្រុមការងារចុះជួយស្រុក និងអាជ្ញាធរគ្រប់ថ្នាក់ ត្រូវបន្តអនុវត្តការងារ ដូចខាងក្រោម៖
*ទី១៖ បន្តចុះជួបប្រជាពលរដ្ឋ តាមរយៈការបើកវេទិកាសាធារណៈ ខិតខំដោះស្រាយបញ្ហាប្រឈម និងសំណើររបស់ប្រជាពលរដ្ឋ
*ទី២៖ បន្តជំរុញការអនុវត្ត គោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម
*ទី៣៖ ធ្វើការកែលំអរភាពអសកម្មរបស់ខ្លួន និងមន្ត្រីបុគ្គលិកក្រោមឱវាទ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងបំផុសឲ្យប្រជាពលរដ្ឋ ចូលរួមពិសារអំបុក សន្តិភាពឲ្យបានគ្រប់ៗគ្នា៕