(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីសូត្រមន្ត ក្រុងពាលី សុំសេចក្តីសុខ សប្បាយក្នុងពិធីបុណ្យអុំទូក រយៈពេល ២ថ្ងៃ ដើម្បីបង្កការសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋនៅមុខសួនច្បារសាលាខេត្ត។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា ថ្ងៃនេះគឺជាទិវាដ៏មហោឡាឫកអធិកអធម និងពោរពេញដោយមោទនភាពសម្រាប់ខេត្តឧត្តរមានជ័យ ដែលសារជាថ្មីម្តងទៀត បានរៀបចំពិធីប្រណាំងទូកលើកទី១៤ ប្រកបដោយភាពស្វាហាប់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុត ក្រោមគំនិតផ្តួចផ្តើម និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យ។
លោកអភិបាលខេត្ត បានបន្តថា ពិធីប្រណាំងទូកនៅពេលនេះ បានប្រព្រឹត្តទៅតាមការគ្រោងទុក ស្របនិងបរិបទ នៃការអភិវឌ្ឍន៍លើគ្រប់វិស័យ និងស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិ មានសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោក ប៉ែន កុសល្យ បានលើកឡើងទៀតថា «អ្វីដែលគួរឲ្យមោទនភាពនៃពិធីប្រណាំងទូកនេះ គឺថាខេត្តឧត្តរមានជ័យ មិនមានទន្លេ ឫស្ទឹងដែលអាចផ្តល់ភាពងាយស្រួល ដល់ការរៀបចំពិធីបុណ្យអ៊ុទូកដូចបណ្តារាជធានី-ខេត្តមួយចំនួន តែយើងទាំងអស់គ្នានៅតែពុះពារ ខិតខំជំនះរៀបចំពិធីបុណ្យនេះឲ្យលេចជារូបរាងបាន និងប្រកបដោយភាពអធិកអធម ដូចបណ្តាខេត្តនានាផងដែរ»។
ជាមួយគ្នានោះ លោក ប៉ែន កុសល្យ បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណលោក ប៉ិច សុខិន អតីតអភិបាលខេត្តឧត្តរមានជ័យ ដែលបានខិតខំត្រួសត្រាយ និងកសាងខេត្ត ព្រមទាំងចាត់តាំងផ្តួចផ្តើមឲ្យមានការរៀបចំពិធីបុណ្យអុំទូកនៅខេត្តឧត្តរមានជ័យ។
លោក ប៉ែន កុសល្យ ក៏បានណែនាំដល់បងប្អូនកីឡាករអុំទូកទាំងអស់ សូមកុំចាត់ទុកការចាញ់ឈ្នះជារឿងសំខាន់ សូមចាត់ទុកថា នេះគឺជាការកំសាន្តសប្បាយ និងការបង្កើនមិត្តភាព សាមគ្គីភាពរវាងគ្នានិងគ្នា ធ្វើយ៉ាងណាធ្វើឲ្យពិធីបុណ្យអុំទូកឆ្នាំនេះ កាន់តែមានភាពសប្បាយរីករាយ និងមានភាពអធិកអធមឡើង។
សូមបញ្ជាក់ថា បុណ្យអុំទូកឆ្នាំនេះមានទូកចំណុះ ២២នាក់ ចំនួន ១៩ទូក ដែលជាទូករបស់រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត៕