(កោះកុង)៖ ផ្លូវបេតុងអាមេចំនួន ៥ខ្សែ ប្រវែង ៣,០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅភូមិសាស្ត្រសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់ក្រោមវត្តមាន លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង និងមានការចូលរួមពីមន្ត្រីរាជការ រួមទាំងប្រជាពលរដ្ឋក្នុងភូមិសាស្រ្តនេះផងដែរ។
លោក ផៃធូន ផ្លាមកេសន បានថ្លែងថា ការចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់នៅពេលនេះ បញ្ជាក់ឲ្យឃើញថា អាជ្ញាធរខេត្តនៅតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងធ្វើដំណើរទៅមកនៅពេលពិបាក ជាពិសេសនោះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឈ្លាសវៃ តែងតែយកចិត្តទុកប្រជាពលរដ្ឋជានិច្ចចំពោះបញ្ហា ផ្លូវ ទឹក ភ្លើងព្រោះទាំងនេះជាជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរស់គ្រប់មូលដ្ឋាន ហេតុនេះទីណាមានប្រជាពលរដ្ឋរស់ទៅត្រូវមាន ផ្លូវទឹកភ្លើងដល់ទីនោះ។
លោកបានថ្លែងបន្តថា មិនថា ផ្លូវតូច ឬធំនោះទេ ព្រោះផ្លូវ គឺជាសសៃឈាមនៃឃឿនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិផង សម្រាប់ប្រជាពលរដ្ឋផង ហើយក៏ធនធាន នៃការអភិវឌ្ឍន៍ប្រទេសជាតិទៅរកភាពរីកចំរីន។
លោកអភិបាលស្តីទី បានបញ្ជាក់បន្ថែមថា ផ្លូវបេតុងអាមេប្រវែង ៣,០០០ម៉ែត្រ ចំនួន ៥ខ្សែនេះ ជាគម្រោងវិនិយោគរបស់រដ្ឋាបាលខេត្តឆ្នាំ២០១៩ សម្រាប់គម្រោងផ្លូវបេតុង ប្រចាំឆ្នាំត្រូវបានសាងសង់ជាជំហ៑ានៗ តាមដំណាក់កាលត្រូវបែងចែកទៅតាមសង្កាត់ផ្សេងៗដូចជា ផ្លូវទាំង ៥ខ្សែនេះ ហើយយើងត្រូវឲ្យមានស្តងដារ។
លោកបានណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយ ហើយសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ គួរតែណែនាំដល់ម្ចាស់អាជីវកម្មដឹកដីលក់ កុំឲ្យដឹកហួសការកំណត់ នាំឲ្យខូចខាត់ផ្លូវរបស់រដ្ឋគិតតែផលប្រយោជន៍ខ្លួនឯង។
លោកសូមឲ្យបងប្អូនចូលរួម ថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ចូលមកទេសចរណ៍ក្នុងដំណើរកំសាន្តទឹកដីខេត្តកោះកុង៕