(ភ្នំពេញ)៖ ក្រុមហ៊ុន Hyundai Camko Motor បានប្រារព្ធកម្មវិធីអបអរខួបលើកទី១០ឆ្នាំរបស់ខ្លួន នឹងពង្រឹងការផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ចោះបន្ថែមទៀត ក្រោយមានវត្តមានជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យយាន្តយន្តក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនមួយនេះ បានប្ដេជ្ញាចិត្តក្នុងការផ្តល់ ជូនរថយន្តដែលមានគុណភាពខ្ពស់ ការយកចិត្តទុកដាក់លើសេវាកម្មក្រោយការលក់ ជាពិសេសការផ្តល់ពេលវេលាដ៏មានន័យជាមួយអតិថិជនរបស់ខ្លួន នាពេលកន្លងមកផងដែរ។
ពិធីអបអរសារទរខួបគម្រប់១០ឆ្នាំនេះដែរ បានធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ នៅ La Resident ដែលជាភោជនីយដ្ឋានល្បីមួយ នៅក្នុងទីក្រុងភ្នំពេញ ហើយ Hyundai Camko Motor គឺជាក្រុមហ៊ុនធំដំបូងគេដែលបានបង្កើតរោងចក្រដំឡើងរថយន្ត នៅក្នុងប្រទេសកម្ពុជា ហើយរោងចក្រនេះបានដើរតួរយ៉ាងសំខាន់ ក្នុងការផ្តល់ការងារ និងចំណេះដឹងបច្ចេកទេស ដល់ប្រជាជននៅក្នុងតំបន់ ក្រុមហ៊ុនមានការរីកចម្រើន គួរឲ្យកត់សម្គាល់ក្នុងរយៈពេល៣ឆ្នាំនេះ ដោយក្រុមហ៊ុនមានរថយន្តជាច្រើនជម្រើស ជូនដល់អតិថិជនដូចជា រថយន្ត SUV Minivan, ឡានដឹក និងរថយន្តក្រុងជាដើម។
លោក ប្រាយ អ៊ែនខូ (Brian Ko) នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Camko បានថ្លែងថា «ខ្ញុំពិតជាមានមោទនភាពបំផុត ដែលឃើញភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន និងភាពជោគជ័យលើសពីការរំពឹងទុក ហើយខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់អតិថិជនដែលអនុញ្ញាតឲ្យយើងជួយ ក្នុងការសម្រេចគោលដៅអាជីវកម្មរបស់លោកអ្នក។ ការជឿទុកចិត្តទៅលើម៉ាកផលិតផលរបស់យើង បានអនុញ្ញាតឲ្យ Hyundai ផ្តល់ជូននូវរថយន្ត ដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អឥតខ្ចោះ ដែលអាចបំពេញតម្រូវការ របស់លោកអ្នកបានយ៉ាងល្អផងដែរ»។
លោកបានបញ្ជាក់ថា ក្រុមហ៊ុន Hyundai Camko Motor នឹងបន្តប្តេជ្ញាផ្តល់ជូននូវគុណតម្លៃដាច់គេ ដោយអនុវត្តវិធីសាស្រ្តមួយចំនួនដូចជា៖ ទីប្រឹក្សាផ្នែកលក់ដ៏ឆ្នើម និងមានឯកទេសក្នុងការប្រឹក្សាយោបលយានយន្ត, ផលិតផលដែលមានគុណភាពល្អផ្តាច់ ជាមួយនឹងការរចនាដ៏លេចធ្លោ និងដំណើរល្អ, ការផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ចោះ (ការផ្តល់ជូនការធានាយូរឆ្នាំ ការផ្តល់ជូនតម្លៃសមរម្យលើគ្រឿងបន្លាស់ និងកម្មវិធីផ្សេងៗជាមួយអតិថិជន)។
លោក ឡេង អៀង ប្រធានក្រុមហ៊ុន Daily Material Future បានបញ្ជាក់ក្នុងកម្មវិធីអបអរគម្រប់ខួប១០ឆ្នាំ ក្រុមហ៊ុន Hyundai ថា លោកជាអតិថិជនក្រុមហ៊ុន Hyundai មួយរូប ហើយក្នុងឱកាសគម្រប់ខួប១០ឆ្នាំនេះ លោកសូមជូនពរឲ្យក្រុមហ៊ុន Hyundai កាន់តែរីកចម្រើន លោកបានស្គាល់ Hyundai តាំងពីឆ្នាំ២០១២មកម្ល៉េះ ហើយតែងតែណែនាំផលិតផល Hyundai ទៅអតិថិជនផ្សេងទៀតឲ្យស្គាល់។ ផលិតផលក្រុមហ៊ុន Hyundai មានគុណភាពល្អ និងតម្លៃសមរម្យទៀតផង។ ជាចុងក្រោយ លោកសំណូមពរសុំឲ្យក្រុមហ៊ុន Hyundai ពង្រឹងសេវាកម្មកាន់តែល្អថែមទៀត ហើយលោកនឹងបន្តណែនាំផលិតផល Hyundai ទៅកាន់អតិថិជនផ្សេងទៀត។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Hyundai Camko Motor តែងតែគិតគូរទៅលើទំនួលខុសត្រូវទៅលើសង្គម ដូចជាក្រុមហ៊ុនបានធ្វើការជាមួយ វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) ដើម្បីឲ្យនិស្សិតមានឱកាសទទួលបទពិសោធន៏នៅក្នុងក្រុមហ៊ុន។ ក្រុមហ៊ុនក៏មានចូលរួមឧបត្ថម្ភ លើយុទ្ធនាការណ៏សុវត្ថិភាពចររាចរណ៏ផ្លូវគោក នៅក្នុងឆ្នាំ២០១៨ ជាពិសេសក្រុមហ៊ុនបានចូលរួមសកម្មភាពលើកកម្ពស់សិទ្ធ អំណាចរបស់ស្រ្តី តាមរយៈCWEA៕