(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ០៦រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំ បានដឹកនាំគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង ដែលមាន លោក ឈូរ ច័ន្ទឌឿន អភិបាលខេត្ត ជាប្រធានមកបរិច្ចាគថវិកាចំនួន ១៥០,០០០,០០០រៀល និង ១,៨៣០ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានលោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា និងជាតំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលស្វាមគម៏ និងទទួលការបរិច្ចាគនេះ។
សូមគូសបញ្ជាក់ផងដែរថា ថវិកាសប្បុរសធម៌នេះ គឺបានមកពីការចូលរួមចំណែកពីបណ្តាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង តាមរយៈការអំពាវនាវ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេជាប្រធានកិត្តិយស និងជាស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា និងជាពិសេសតាមរយៈការអំពាវនាវ របស់គណៈកម្មការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង។
ជំនួសមុខឱ្យអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី, លោកស្រី ងួន សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរជូនចំពោះ សម្តេចចៅហ្វាវាំង គង់ សំអុល ដែលបានចំណាយពេលវេលាដ៏មានតម្លៃដឹកនាំគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់វិភាគទានដ៏សប្បុរសធម៌នេះ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
លោកស្រីបានរំលឹកអំពីសាវតានៃការបង្កើត មូលនិធិគន្ធបុប្ផាកម្ពុជា ក៍ដូចជាការរួមចំណែករបស់ មូលនិធិគន្ធបុប្ផាស្វីស និងគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner ដែលបានចូលរួមចំណែក និងបូជាកំលាំងកាយចិត្តដើម្បីអនាគត និងភាពញញឹម របស់កុមារកម្ពុជា។
លោកស្រីក៏បានលើកអំពីគោលបំណងសំខាន់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមិនត្រឹមតែជួយស្វែងរកប្រភពមូលនិធិសម្រាប់ទ្រទ្រង់ ដល់និរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផានោះទេ ថែមដើម្បីបណ្តុះ សាបព្រោះ និងលើកកម្ពស់ស្មារតីជួយគ្នាទៅវិញទៅមក ក្រោមពាក្យស្លោក ខ្មែរជួយខ្មែរ ឱ្យបានកាន់តែទូលំទូលាយ ទូទាំងប្រទេស តាមរយៈការចូលរួមបរិច្ចាគវិភាគទានសប្បុរសធម៌ និងការចូលជាសមាជិករបស់មូលនិធិគន្ធបុប្ឆាកម្ពុជា។
លោកស្រីក៏បានគោរពជម្រាបជូន សម្តេចចៅហ្វាវាំង ផងដែរថាសម្រាប់៩ខែដំបូងនៃឆ្នាំ២០១៩នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង បានចំណាយថវិកាអស់ចំនួន ៣៣,៥០០,០០០ដុល្លារ ក្នុងនោះមូលនិធិគន្ធបុប្ផាកម្ពុជាបានប្រគល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួន ៩,០៥៦,២៦៦ ដុល្លារអាមេរិកផងដែរ។
ជាការឆ្លើយតបសម្តេចចៅហ្វាវាំង គង់ សំអុល បានសម្តែងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ដែលនេះបង្ហាញអំពីការយកចិត្តទុកដាក់ និងតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារដែលជាទំពាំងឫស្សីរបស់ព្រះរាជាណាចក្រកម្ពុជាយើង។
សម្តេចចៅហ្វាវាំង ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រដល់ការគិតគូរ របស់រាជរដ្ឋាភិបាលក្នុងការងារមនុស្សធម៌នេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងជាពិសេសប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង ដែលបានចូលរួមការងារមនុស្សធម៌នេះ ជាមួយរាជរដ្ឋាភិបាល។
សម្តេចចៅហ្វាវាំង ក៏លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ក្នុងការងារបណ្តុះ សាបព្រោះ និងលើកកម្ពស់គុណតម្លៃ ខ្មែរ ជួយ ខែ្មរ ដែលបង្ហាញអំពីសាមគ្គីភាពជាតិ និងតម្លៃស្នូល ក្នុងសង្គមកម្ពុជា។ សម្តេចចៅហ្វាវាំងក៏បានសន្យាជួយបំផុសចលនាគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៃខេត្តកំពង់ឆ្នាំង ក៏ដូចជានៅបណ្តាខេត្ត-ក្រុង ដ៏ទៃទៀត ឱ្យចូលរួម និងគាំទ្រដល់សកម្មភាពមនុស្សធម៌នេះ។
តំណាងឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៃខេត្តកំពង់ឆ្នាំង,លោក ឈូរ ច័ន្ទឌឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចចៅហ្វាវាំង គង់ សំអុល ដែលបានចំណាយពេលវេលាដ៏មានតម្លៃដឹកនាំ គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំ និងក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង ដើម្បីប្រគល់វិភាគទានសប្បុរសធម៌នេះ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
លោកក៏បាលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកស្រី ងួន សុខា ដែលបានមកទទួលវិភាគទាននេះដោយផ្ទាល់ ដែលវត្តមានរបស់សម្តេច និងលោកជំទាវ គឺជាការលើកទឹកចិត្ត ដល់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំងក្នុងការបន្តការងារមនុស្សធម៌នេះ។
លោកក៏បានប្តេជ្ញាក្នុងការបន្តចួលរួមចំណែកគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងលើកកម្ពស់គុណតម្លៃនៃស្មារតី ខ្មែរ ជួយ ខ្មែរ ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
សម្តេចចៅហ្វាវាំង និងលោកស្រី បានថ្លែងអំណរគុណសារជាថ្មីម្តងទៀត និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៃខេត្តកំពង់ឆ្នាំង បន្តចូលរួម និងផ្សព្វផ្សាយអំពីការចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា និងធ្វើជាគំរូក្នុងការចូលរួមជួយសង្គមជាតិ ជាពិសេសតាមរយៈការលើកស្ទួយសុខុមាលភាពកុមារកម្ពុជា។
សម្តេចចៅហ្វាវាំង និងលោកស្រីក៏បានអំពាវនាវ និងបន្តលើកទឹកចិត្តថ្នាក់ដឹកនាំដល់បណ្តាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន និង សាធារណជន ឱ្យចូលរួមបរិច្ចាគ និងចូលជាសមាជិក មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមធានាឱ្យបាននូវនិរន្តរភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង និងដើម្បីភាពញញឹមរបស់កុមារ និងដើម្បីការអភវិឌ្ឍសង្គមកម្ពុជា៕