(ភ្នំពេញ)៖ លោក នង វាសនា សមាជិករដ្ឋសភា និងជាអគ្គនាយកក្រុមហ៊ុនវិនិយោគ កុល វាសនា បានថ្លែងបង្ហាញពីសក្តានុពល របស់វិស័យកសិឧស្សាហកម្មរបស់កម្ពុជា នៅមានទំហំធំធេងណាស់ ដោយក្នុង១ឆ្នាំៗវិស័យនេះ អាចផលិតផលិតផលបានតម្លៃចន្លោះ ចាប់ពី១៥ពាន់លានដុល្លារ ដល់១៨ពាន់លានដុល្លារ លើផ្ទៃដែលកំពុងមានស្រាប់ នាពេលបច្ចុប្បន្ន ដោយមិនចាំបាច់កាប់ទន្ទ្រានព្រៃយកដី។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក នង វាសនា ធ្វើឡើងវេទិកាស្តីពី វិស័យកសិកម្ម និងឧស្សាហកម្ម សតវត្សទី២១ ប្រធានបទ៖ «កសិករវ័យឆ្លាត និងអនាគតកម្ពុជា» ដែលមានសិស្សិនិស្សិតរាប់ពាន់នាក់ចូលរួម។
ក្នុងនាមជាក្រុមហ៊ុនវិនិយោគដ៏ធំមួយ ក្នុងវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម កែច្នៃ លោកបានថ្លែងថា «នៅកម្ពុជា វិស័យកសិកម្ម កសិឧស្សាហកម្ម និងការកែច្នៃ ផលិតបានយ៉ាងតិចបានតម្លៃចន្លោះពី១៥ ទៅ១៨ពាន់លានដុល្លារក្នុង១ឆ្នាំ នៅលើផ្ទៃដីដែលដាំដុះបច្ចុប្បន្ន ដោយមិនបាច់កាប់ទន្ទ្រានយកដីថ្មី ដោយគ្រាន់តែប្រើប្រាស់នូវបច្ចេកទេស និងការដាំដុះឲ្យបានត្រឹមត្រូវ»។
នៅចំពោះមុខសិស្សនិស្សិតរាប់ពាន់ លោក វាសនា សង្កត់ធ្ងន់ថា «ការធ្វើកសិកម្មទាន់តែយើងប្រើបច្ចេកទេសត្រឹមត្រូវ ហើយមានភាពវៃឆ្លាត ដោយត្រូវធ្វើអ្វីដែលមានភាពច្បាស់លាស់ ចេះឲ្យច្បាប់ បើថាដាំដូងដាំឲ្យច្បាស់ ដាំទុរេនដាំឲ្យច្បាស់នោះយើងនឹងជោគជ័យហើយ។ ប្រសិនជាយើងចង់ធ្វើជាកសិករជោគជ័យនោះ ប្រសិនបើប្រទេសជិតខាងយើងធ្វើបាន យើងខំប្រឹងធ្វើឲ្យបានប្រហាក់ប្រហែលគេ ឬក៏ពូកែជាងគេ ទើបយើងអាចជោគជ័យបាន ព្រោះថា ការជួញដូរពាណិជ្ជកម្ម ទោះបីក្នុងវិស័យកសិកម្ម ក៏ការប្រកួតប្រជែងមានលក្ខណៈតានតឹង ដូចពាណិជ្ជផ្សេងៗទៀតដែរ នៅលើទីផ្សារអន្តរជាតិ។ មានតែយើងខ្លាំងទេ ទើបយើងអាចផលិតផលិតផលល្អ បានលឿនបានច្រើន និងតម្លៃថោក គុណភាពខ្ពស់ នោះទើបយើងអាចជោគជ័យបាន ទោះតម្លៃទីផ្សារបែបណាក៏យើងនៅតែអាចទៅរួច»។
លោក នង វាសនា បានបញ្ជាក់ឲ្យដឹងទៀតថា ទីផ្សារវិស័យកសិកម្មមានតម្រូវការខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក។
លោកថា ក្នុង១ឆ្នាំៗ កម្ពុជានាំចូលបន្លែ ត្រី សាច់ ផ្លែឈើ ក្នុងតម្លៃខ្ទង់ពាន់លានដុល្លារ ដូច្នេះហើយការផលិតផលិតផលកសិកម្ម គឺជាការចាំបាច់ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ជំនួសការនាំចូល ដែលអាចធានាបានគុណភាព ដល់ប្រជាជនកម្ពុជាផងដែរ ហើយក្រៅពីផលិតសម្រាប់តម្រូវការក្នុងស្រុក នៅមានប្រជាជនរាប់ពាន់លាននាក់ទៀត នៅក្រៅស្រុក ដែលមានតម្រូវផលិតផលកសិកម្ម ហើយការនាំចេញនេះ នឹងធ្វើឲ្យជីវភាពរបស់ប្រជាជនយើងរីកចម្រើន៕