(ត្បូងឃ្មុំ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ បានណែនាំឲ្យសមាជិក សមាជិកាគណបក្សប្រជាជនខេត្តត្បូងឃ្មុំទាំងអស់ រៀបចំជួបជុំគ្នានៅតាមវត្តអារាមទូទាំងខេត្ត ដើម្បីចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ពិសារអំបុកសាមគ្គី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដែលជាការពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ។

ថ្លែងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយដល់សមាជិក សមាជិកា គណបក្សប្រជាជនទូទាំងខេត្តត្បូងឃ្មុំ ស្តីពីវិធានការចាំបាច់សម្រាប់ សភាពការណ៍បច្ចុប្បន្ន ការរីកចម្រើន បញ្ហាប្រឈម និងវិធានការចាំបាច់នានាដើម្បីធានា ដោយធ្វើយ៉ាងណាថែរក្សាឲ្យបាននូវ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិបន្ត នៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងនូវសភាពការចុងក្រោយមួយចំនួន ពិសេសពាក់ព័ន្ធនឹងការបង្កចលាចល ក្នុងចលនាចេតនាចង់ ធ្វើឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម ជាថ្មីម្តងទៀត តាមរយៈនយោបាយបោកប្រាស់ ញុះញុង លាបពណ៌របស់ជនក្បត់ជាតិ សម រង្ស៉ី។

តាមរយៈកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានប្រាប់ឲ្យសមាជិកគណបក្សទាំងអស់ អំពាវនាវបន្តឲ្យពលរដ្ឋ ដែលលង់ជឿតាមនយោបាយបោកប្រាស់ របស់ជនក្បត់ជាតិរូបនោះ ភ្ញាក់ខ្លួនចូលមកសារភាព នឹងមិនមានទោសទណ្ឌនោះទេ។ ផ្ទុយទៅវិញបើតែបន្តនោះ ច្បាស់ណាស់គុកនៅត្រពាំងផ្លុង រង់ចាំទទួលដូចជនក្បត់ជាតិ សម រង្ស៉ី ជាក់ជាមិនខាន ឲ្យតែហ៊ានឈានជើងជាន់ចូលមកទឹកដីកម្ពុជា៕