(ភ្នំពេញ)៖ រូបចម្លាក់របស់លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិក នៃមន្ទីពេទ្យគន្ធបុប្ផា ត្រូវបានយកទៅតម្កល់ទុកនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បន្ទាប់ពីនិស្សិតផ្នែកចម្លាក់នៃសាកលវិទ្យាល័យនេះ កសាងរួចរាល់ជាស្ថានពរ។
យោងតាមការបញ្ជាក់ពីមន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឲ្យដឹងថា រូបចម្លាក់ដ៏ស្រស់ស្អាត របស់លោកវេជ្ជបណ្ឌិត Beat Richner មួយនេះ ត្រូវបានកសាងឡើងដោយនិស្សិតផ្នែកចម្លាក់ នៃសាកលវិទ្យាល័យដោយផ្ទាល់តែម្តង ដើម្បីបញ្ចប់ស្នាដៃនៃការសិក្សារបស់ពួកគេ។ បេក្ខជនកសាងរូបចម្លាក់នេះរួមមាន លោក ឈិន ពិសិដ្ឋ និងលោក ព្រិច ពៅ ដឹកនាំដោយ លោក សុផុន និងលោក ញ៉ែម បូរិន។
សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Beat Richner ជាជនជាតិស្វីសទេ ប៉ុន្តែស្ទើរមួយជីវិតរបស់លោក បានលះបង់គ្រប់បែបយ៉ាង ក្នុងការជួយព្យាបាលពុំយកប្រាក់កម្រៃ ដើម្បីបម្រើជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរ ពិសេសជួយដល់កុមារកម្ពុជា ដ៏ប្រពៃថ្លៃថ្លានេះ គឺពិតជាធ្វើឲ្យប្រជាជាតិខ្មែរ បេះដូងកុលបុត្រខ្មែរចងចំា និងដឹងគុណពុំអាចបំភ្លេចបាននោះទេ។
លោកវេជ្ជបណ្ឌិត ត្រូវបានប្រជាពលរដ្ឋកម្ពុជា ប្រសិទ្ធនាមថា «បិតាមនុស្សធម៌សម្រាប់កម្ពុជា»។
លោកវេជ្ជបណ្ឌិតបានទទួលមរណភាព កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅឯប្រទេសកំណើតរបស់លោក។ ការឃ្លាតឆ្ងាយពីភពផែនដីរបស់លោកវេជ្ជបណ្ឌិត Beat Richner បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរសោកសង្រេង នឹកស្រណោះជាខ្លាំងដល់ការធ្វើពលីកម្មឥតព្រំដែន របស់លោកមកលើកុមារ និងមាតាកម្ពុជា៕