(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូល បានបន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅផ្សារដារ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យ គុណភាពអំបិលមានជាតិអ៊ីយ៉ូដ និងផលិតផលគ្រឿងឧបភោគ និងបរិភោគដទៃទៀត។
ក្នុងសកម្មភាពត្រួតពិនិត្យនេះ មន្ត្រីកាំកុងត្រូល បានប្រើឧបករណ៍តេស្តឃីដ ដើម្បីធ្វើតេស្តបឋមទៅលើអំបិលដែលមានស្លាកសញ្ញាលើ សំបកវេចខ្ចប់ មានជាតិអីយ៉ូដ ព្រមទាំងធ្វើការត្រួតពិនិត្យរូបវន្តលើផលិតផលគ្រឿងឧបភោគ នកងបរិភោគទាំងឡាយ ដែលកំពុងដាក់តាំងលក់ ដោយផ្តោតសំខាន់ អំពីខ្លឹមសារ នៅលើស្លាកសញានៃសំបកវេចខ្ចប់ដូចជា ប្រភពរបស់ផលិតផល ឈ្មោះនិងអសយដ្ឋានអ្នកផលិត លេខកូដ ប្រទេសផលិយ លេខឡូត៌ផលិតផល កាលបរិច្ឆេទផលិត និងផុតកំណត់ប្រើប្រាស់ជាដើម។
តាមរយៈការត្រួតពិនិត្យដែលបានធ្វើឡើង មន្ត្រីជំនាញពុំបានរកឃើញទំនិញមានលក្ខណៈមិនប្រក្រតី ឬខូចគុណភាពឡើយ ដោយសារតែអាជីវករ ដាក់តាំងលក់ទំនិញមានទ្រង់ទ្រាយតូច ងាយស្រួលក្នុងការគ្រប់គ្រងរៀបចំទុកដាក់បានល្អ។ ចំពោះការធ្វើតេស្តបឋម ទៅលើអំបិលដែលមានជាតិអ៊ីយ៉ូដ ឃើញថាមានអនុលោមភាពជាមួយនឹងសេចក្តីប្រកាស នៅលើសំបកវេចខ្ចប់ត្រឹមត្រូវ ពិតប្រាកដមែន។
ទន្ទឹមនោះ មន្ត្រីកាំកុងត្រូល បានបិតស្លាកដែល មានខ្លឹមសារអប់រំ ដើម្បីយល់ដឹងអំពីការជ្រើសរើសម្ហូបអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងពន្យល់ណែនាំដល់អាជីវករឱ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នក្នុងការដាក់តាំងលក់ទំនិញ ដោយជៀសវាងដាក់តាំងលក់ទំនិញ គ្មានស្លាកសញ្ញាត្រឹមត្រូវគ្មានប្រភពច្បាស់លាស់ ទំនិញប្រែប្រួលខូចគុណភាព និងគ្មានសុវត្ថិភាព។ ម្យ៉ាងទៀត មិនត្រូវដាក់តាំងលក់ទំនិញ ប្រភេទម្ហូបអាហារដែលគ្មានសំបកវេចខ្ចប់ ដាក់នៅក្បែរថ្នាំពុលកសិកម្មនោះឡើយ៕