(ភ្នំពេញ)៖ ស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានសម្រចជ្រើសរើសយុវជនខ្មែរចំនួន ៦ក្រុម ឱ្យទៅសំដែងរឿង «ស្រុកកំណើត ខ្ញុំនៅជប៉ុន» សរុប ២៤រូប ចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាពការច្រៀងរាំ សំដែងរឿង ក្រោមប្រធានបទស្រុកកំណើតខ្ញុំជាមួយបណ្តាយុវជនអាស៊ាន នៅប្រទេសជប៉ុន នៅដើមឆ្នាំ២០២០។
ការសម្រេចជ្រើសរើសយុវជនខ្មែរ ឱ្យទៅសំដែងភាពយន្តនេះ បានធ្វើឡើងនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ នៅក្នុងឱកាសដែលស្ថានទូតជប៉ុន បានរៀបចំការប្រកួតដំណាក់ចុងក្រោយ ជ្រើសរើសបេក្ខជនបេក្ខនារីកម្ពុជា ចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន Jeneseys ឆ្នាំ២០១៩។
បើតាមលោកស្រី Kaori Tanabe លេខាទី១ អមស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា នៅក្នុងកម្មវិធីប្រកួតជ្រើសរើសបេក្ខជនបេក្ខនារីកម្ពុជា ចូលរួមកម្មវិធីផ្លាស់ប្តូរយុវជនJeneseys ឆ្នាំ២០១៩នេះ មានសិស្សនិស្សិតកម្ពុជា ប្រមាណជិត៥០០នាក់ ដែលមាន១២២ក្រុម បានតាក់តែងច្នៃប្រឌិតរឿងរ៉ាវពិត នៅក្នុងសង្គមខ្មែរ ក្រោមប្រធានបទ «ស្រុកកំណើតខ្ញុំ» មកធ្វើការប្រកួតប្រជែងដណ្តើមជយលាភី។
លោកបានបន្តថា នៅក្នុងការប្រកួតនេះ ចុងក្រោយគណៈកម្មការបានសម្រេចជ្រើសរើសក្រុមឆ្នើម ចំនួន៦ក្រុម សរុបបេក្ខជន២៤រូប យកទៅចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាពរាំច្រៀង និងសំដែងសាច់រឿងនៅប្រទេសជប៉ុន ជាមួយបណ្តាបេក្ខជនយុវជនមកពីបណ្តាប្រទេស នានានៅក្នុងតំបន់អាស៊ាន នៅចុងខែមករា ដើមឆ្នាំ២០២០ខាងមុខនេះ។
បើតាមលោក ស៊ូ ទ្រី អនុប្រធាននាយកដ្ឋានយុវជន នៃក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា គ្រប់ការបង្ហាញដែលមានការច្រៀងផង រាំផង និងសំដែងផងពីសំណាក់បេក្ខជនទាំងអស់ គឺសុទ្ធតែល្អទាំងអស់ ជាពិសេសគឺការសំដែងបង្ហាញអត្ថន័យជាប្រវត្តិសាស្ត្រ និងការរីកចំរើននៃតំបន់ វប្បធម៌ទេសចរណ៍នានា នៅតាមមូលដ្ឋាននានារបស់ប្រទេសកម្ពុជា។
លោក ស៊ូ ទ្រី បានបន្តថា សម្រាប់បេក្ខជនឆ្នើមដែលជាប់ជ័យលាភីចុងក្រោយនេះ គឺក្រុមបេក្ខជនដែលមាន គំនិតការច្នៃរប្រឌិតខ្ពស់ជាងគេ ហើយការសំដែងគឺមានភាពទាក់ទាញ និងមានសាមគី្គភាពគ្នាល្អ។
សូមបញ្ជាក់ថា កម្មវិធី JENESYS ២០១៩ មានគោលបំណងជំរុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមក ក្នុងចំណោមប្រជាជនជប៉ុន និងបណ្ដាប្រទេសចូលរួម ដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត៕