(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន បានស្នើឲ្យម្ចាស់ក្រុមហ៊ុនដឹកទំនិញ និងដឹកអ្នកដំណើរទាំងអស់ ចូលរួមប្រកួតប្រជែង គោរពច្បាប់ចរាចរណ៍ ដើម្បីធ្វើជាគំរូសម្រាប់ក្រុមហ៊ុនដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា ក្នុងការកាត់បន្ថយអត្រាអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍។
នាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន បានថ្លែងបញ្ជាក់ថា វិញ្ញាសារដែលម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ត្រូវប្រកួតប្រជែង និងអនុវត្តឲ្យត្រឹមត្រូវ តាមលក្ខខណ្ឌនោះ រួមមាន ការគ្រប់គ្រងអ្នកបើកបរ និងបច្ចេកទេសយានយន្ត, ការអប់រំច្បាប់ និងបទដ្ឋានបច្ចេកទេសចរាចរណ៍ ទៅដល់អ្នកបើកបរ, ការគោរពច្បាប់ និងបទដ្ឋានចរាចរណ៍ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងការសេវាដឹកជញ្ជូនរបស់ខ្លួន ពោលដើម្បីចូលរួមកាត់បន្ថយចំនួនអ្នកស្លាប់ និងចំនួនរបួស។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយ វិស័យឯកជន ក្រុមហ៊ុនដឹកទំនិញ និងដឹកអ្នកដំណើរ ស្តីពីការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន បានថ្លែងបញ្ជាក់ទៀតថា សម្រាប់ការប្រកួតប្រជែងនេះ គឺនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងធ្វើការបូកសរុបរបាយការណ៍ចរាចរណ៍ នៃក្រុមហ៊ុននីមួយៗ ដោយធ្វើការប្រៀបធៀប ពីឆ្នាំ២០១៨ និងឆ្នាំ២០១៩នេះ ដើម្បីស្វែងរកក្រុមហ៊ុនដឹកជញ្ជូនគំរូ នៅចុងឆ្នាំ២០១៩នេះ ក្នុងការផ្ដល់ប័ណ្ណសរសើរ និងធ្វើជាតំណាងក្រុមហ៊ុនដឹកជញ្ជូន ដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា។
ការស្នើសុំឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ចូលរួមប្រកួតប្រជែងគោរពច្បាប់ចរាចរណ៍នេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា អាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរារណ៍ នៅតែកើតមានឡើងជារៀងរាល់ថ្លៃ ពោលមួយថ្ងៃ នៃអាត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មិនតិចជាង៥នាក់នោះទេ ដោយសារការបើកបរ ធ្វេសប្រហែស និងការបំពានច្បាប់របស់អ្នកប្រើប្រាស់ផ្លូវ, ការបើកបរល្មើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្ដាំ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងគ្រឿងញៀន, ការបើកបរទាំងងងុយគេង និងការបត់ប្រជែង ដឹកលើសទម្ងន់ជាដើម។
បើយោងតាមរបាយការណ៍ ស្ដីពីសភាពការណ៍ គ្រោះថ្នាក់ចរាចរណ៍ ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ កើតឡើងចំនួន៩៨៨លើក បណ្តាលឲ្យស្លាប់ចំនួន៤៨៨នាក់ និងរបួសចំនួន១៤៩៤នាក់ ភាគច្រើននៅរាជធានីភ្នំពេញ ស្លាប់ចំនួន៨៣នាក់ ខេត្តកណ្តាល ស្លាប់ចំនួន៤៥នាក់ ខេត្តកំពង់ស្ពឺ ចំនួន៤១នាក់ និងខេត្តព្រះសីហនុស្លាប់ចំនួន៣៧នាក់។ មូលហេតុមកពីការបើកបរលើសល្បឿនកំណត់ ៣៣% មិនគោរពសិទ្ធិ២៧% មិនប្រកាន់ស្តាំ១៣% វ៉ាជែង១០% បត់៩%ស្រវឹង៤% កត្តាយាន្តយន្ត៣% និងងងុយដេក១%៕