Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: តុលាការសម្រេចផ្តន្ទាទោស សម រង្ស៉ី, ហូ វ៉ាន់ និងគូកន ដាក់ពន្ធនាគារម្នាក់ៗ ១ឆ្នាំ ៨ខែ ករណីប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (Video inside)

18-10-2019 16:15

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនការប្រកាសសាលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៉ី, ហូ វ៉ាន់ និងឈ្មោះ កាក់ កុម្ភារ ដាក់ពន្ធនាគារម្នាក់ៗ១ឆ្នាំ ៨ខែ ពីបទផ្តើមគំនិតប្រមាថ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិមាត្រា២៨ មាត្រា៤៩៥ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។

នៅរសៀលថ្ងៃដដែលនេះ តុលាការក៏បានប្រកាសសាលក្រមមួយទៀត ដោយផ្តន្ទាទោសឈ្មោះ គង់ ម៉ាស់ និងឈ្មោះ វឿន គឹមលន់ (ជាគូកនរបស់ទណ្ឌិត សម រង្ស៊ី) ដាក់ពន្ធនាគារម្នាក់ៗ ១ឆ្នាំ ៦ខែ ផងដែរពីបទប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញតិ្តមាត្រា ៤៩៥ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមមន្រ្តីជាន់ខ្ពស់តុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។

សាលក្រមនេះ ត្រូវតុលាការបានប្រកាសនៅចំពោះមុខឈ្មោះ គង់ ម៉ាស់ ហើយបានចេញដីកាបង្គាប់ឲ្យតាមចាប់ខ្លួនឈ្នោះ សម រង្ស៊ី ឈ្មោះ ហូ វ៉ាន់ និងឈ្មោះ កាក់ កុម្ភារ មកអនុវត្តន៍ទោសទណ្ឌតាមអំណាចសាលក្រម។

សូមរំលឹកថា ក្នុងសំណុំរឿងនេះ មានជនពាក់ព័ន្ធ ៤នាក់ ក្នុងនោះមានទណ្ឌិត សម រង្ស៉ី, ហូ វ៉ាន់, កាក់ កុម្ភារ និងលោក គង់ មាស់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្នុងចំណោមជនទាំងនោះមានតែឈ្មោះ គង់ មាស់ ម្នាក់ប៉ុណ្ណោះ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។

ឈ្មោះ គង់ ម៉ាស់ ជាសមាជិកក្រុមឧទ្ទាមរបស់ទណ្ឌិត សម រង្ស៊ី រស់នៅភូមិខ្លាលោតឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ហើយត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ក្រោមការចោទប្រកាន់ពីបទប្រមាថ និងបទញុះញង់ឲ្យបង្កចលាចល។ ខណៈដែលជនត្រូវចោទ ៣នាក់ផ្សេងទៀតរួមមាន ទណ្ឌិត សម រង្ស៊ី ហូ វ៉ាន់ និងកាក់ កុម្ភារ។

បើតាមរបាយការណ៍សមត្ថកិច្ច, ក្រោយការចាប់ខ្លួនក្រុមឧទ្ទាមទាំងនេះ សមត្ថកិច្ចបានរកឃើញមានឯកសារសំខាន់ៗ ជាច្រើន ដែលទាក់ទងនឹងផែនការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលតាមបញ្ជារបស់ទណ្ឌិត សម រង្សី៕