(ភ្នំពេញ)៖ ប្រធានបទ «អាហារូបត្ថម្ភសម្រាប់ទារកមិនគ្រប់ខែ» ត្រូវបានជ្រើសរើសឡើងនេះ ស្របគ្នានិងការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពទារក នាពលបច្ចុប្បន្នក៏ដូចជា ការពង្រឹង គុណភាព និងសមត្ថភាពរបស់គ្រូពេទ្យ ក្នុងការសង្រ្គោះទារក គឺជាបេសកម្មទីមួយដែលយើងត្រូវធ្វើផងដែរ។
លោកសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ឈាង រ៉ា បានថ្លែងបែបនេះ នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី «អាហារូបត្ថម្ភសម្រាប់ទារកមិនគ្រប់ខែ» នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានធ្វើជាម្ចាស់ផ្ទះ នៃសិក្ខាសាលាលើកទី៣ របស់សមាគមគ្រូពេទ្យទារកកម្ពុជា ដែលមានកិច្ចសហការពី សាស្រ្តាចារ្យមកពីមន្ទីរពេទ្យ ខេខេ (KK) ប្រទេសសឹង្ហបុរី។
លោកសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យ បានសំដែងនូវការស្វាគមន៏យ៉ាងកក់ក្តៅចំពោះវត្តមានសាស្រ្តាចារ្យ វិចទ័រ ស៊ាំមុយអ៊ែល រ៉ាចាឌុយរ៉ាយ (Victor Samuel Rajadurai) អនុប្រធានសមាគមទារក នៅប្រទេសសឹង្ហបុរី និងលោកវេជ្ជបណ្ឌិត ឈូ ម៉ី ឈាន (Chau Mei Chien) ប្រធានផ្នែកប្រពោធនកម្មទារក នៃមន្ទីរពេទ្យ KK សឹង្ហបុរី និងការអញ្ជើញចូលរួមរបស់អស់ លោកលោក លោកស្រី សាស្រ្តាចារ្យវេជ្ជបណ្ឌិត និងគ្រូបង្គោលទាំង ៣៩នាក់ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមក្នុងសិក្ខាសាលានេះ។
ប្រធានបទអាហារូបត្ថម្ភសម្រាប់ទារកមិនគ្រប់ខែ និងទារកដែលមានទម្ងន់ ពីកំណើតមក ខុសប្រក្រតី គឺជាប្រធានបទដ៏មានសារៈសំខាន់ ក្នុងការចូលរួមកាត់បន្ថយអត្រាមរណភាពទារក បានក្លាយទៅជាបញ្ហាអាទិភាព នៅទូទាំងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលបានដាក់ឡើង និងខិតខំប្រឹងប្រែងរួមគ្នាជាតម្រូវការចាំបាច់ ដើម្បីជួយដោះស្រាយបញ្ហានេះ ឲ្យបានកាន់តែប្រសើរ។
លោកសាស្រ្តាចារ្យអគ្គនាយមន្ទីរពេទ្យកាល់ម៉ែត សង្ឃឹមថា សិក្ខាសាលានេះ នឹងការចូលរួមពីក្រុមវេជ្ជបណ្ឌិតពីបណ្តា មន្ទីរពេទ្យធំៗ ទាំងនៅរាជធានីភ្នំពេញ និងពីបណ្តាខេត្តនានាទូទាំងប្រទេស នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនូវចំណេះដឹង ក្នុងការសង្រ្គោះទារកឲ្យទាន់ពេលវេលា ក្នុងនាទីដំបូងដែលហៅថានាទីមាស។
ជាមួយគ្នានោះដែរ លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ឹម សិទ្ធិការ្យ ប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា និងជាប្រធានផ្នែកប្រពោធនកម្មទារក នៃមន្ទីរពេទ្យកាល់ម៉ែត បានចាត់ទុកថា នេះជាសិក្ខាសាលលើកទី៣ របស់សមាគម ដែលលើកទី១ ក្រោមប្រធានបទ «ការសង្គ្រោះទារក និងលើកទី២ នៅដើមឆ្នាំ២០១៩ស្តីអំពី «ការប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមលើទារកទើបនឹងកើត»។
លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត បានបន្តថា សិក្ខាសាលាលើកនេះ «អាហារូបត្ថម្ភលើទារកមិនគ្រប់ខែ» មានគោលបំណងបណ្តុះបណ្តាលគ្រូបង្គោល មិនថា វេជ្ជបណ្ឌិត ឬគិលានុបដ្ឋាកនោះទេ ឲ្យទទួលបាននូវចំណេះដឹងថ្មីៗទាក់ទងនឹងការផ្តល់អាហារូបត្ថម្ភ ជាពិសេសចំពោះទារកមិនគ្រប់ខែ ក៏ដូចជា ទារកដែលមិនមានទំងន់មិនគ្រប់ ដោយធ្វើការផ្តោតសំខាន់ទៅលើការផ្តល់ អាហារតាមរយៈ Umbilical VenousCatheter (ការដាក់សេរ៉ូមតាមផ្ចិតរបស់ទារក)។
លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា បច្ចេកទេសនេះទាមទារនូវបទពិសោធន៍ច្បាស់លាស់ ក្នុងការដាក់ និងទាមទារឲ្យមានការតាមដានយ៉ាងយកចិត្តដាក់ពីសំណាក់គិលានុបដ្ឋាក ក្នុងកំឡុងពេល នៃការសំរាកពេទ្យរបស់ទារក៕