(ស្វាយរៀង)៖ ជួបជាមួយភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង ប្រជាពលរដ្ឋជាច្រើននាក់ រួមជាមួយក្រុមយុវជនរស់នៅស្រុករមាសហែក ខេត្តស្វាយរៀង បានប្រកាសប្រឆាំងយ៉ាងដាច់ខាត មិនឲ្យជនក្បត់ជាតិ សម រង្ស៉ី វិលចូលស្រុកខ្មែរនោះទេ។
ក្នុងកិច្ចសម្ភាសនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋលើកឡើងថា មូលហេតុដែលមិនចង់ឃើញលោក សម រង្ស៉ី ព្រោះឧក្រិដ្ឋជនរូបនេះ បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គ ព្រះមហាក្សត្រ ហើយរៀបចំផែនការធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្ដែប្រសិនបើលោក សម រង្ស៉ី ពិតជាចង់ចូលស្រុកខ្មែរពិតមែន សូមសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវតែចាប់ដាក់ពន្ធនាគារភ្លាមៗ ព្រោះបុគ្គលរូបនេះ មិនបានផ្ដល់ការចំណេញដល់ប្រទេសជាតិនោះឡើយ។
ប្រជាពលរដ្ឋនៅស្រុករមាសហែក បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំសូមថ្កោលទោសដាច់ខាត ជនក្បត់ជាតិ សម រង្ស៉ី គោលបំណងវាចូលមកស្រុកនេះ គឺវាចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បើអញ្ចឹងខ្ញុំប្រឆាំងដាច់ខាតមិនឲ្យវាចូលទេ។ វាហ៊ានជេរប្រមាថព្រះមហាក្សត្រ របស់ព្រះរាជាណាចក្រកម្ពុជាយើងទៀត ចឹងមិនឲ្យចូលដាច់ខាត។ សូមអំពាវនាវប្រជាពលរដ្ឋក្នុងប្រទេសខ្មែរទាំងមូល ឬក្រៅប្រទេស ប្រឆាំងដាច់ខាតមិនឲ្យជនក្បត់ជាតិ សម រង្ស៉ី ចូលស្រុកដាច់ខាត តែបើចូលថ្ងៃណាចាប់ថ្ងៃណុងឲ្យតែឃើញ ចាប់ដាក់គុក»។
សូមជំរាបថា នៅក្នុងកិច្ចសម្ភាសន៍វិទ្យុអាស៊ីសេរី (RFA) នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ និងបង្ហោះសារលើ Facebook សម្តីជនថោកទាប ក្បត់ជាតិសាសន៍ ក្បត់ព្រះមហាក្សត្រ គឺទណ្ឌិត សម រង្ស៉ី បានបន្តប្រមាថព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃរាស្រ្តខ្មែរយ៉ាងធ្ងន់ធ្ងរបំផុត។
ទណ្ឌិត សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា៖ «...ព្រះមហាក្សត្រមិនដែលបើកព្រះនេត្រ ឃើញទុក្ខវេទនារបស់ប្រជារាស្រ្តខ្មែរទេ ព្រះមហាក្សត្រសព្វថ្ងៃ ដូចខ្ញុំនិយាយម្តងទៀត ចង់កាត់ទោសខ្ញុំមួយម៉ឺនដងទៀត អត់ខ្វល់ដែរ ព្រះមហាក្សត្រសព្វថ្ងៃ ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃជាអាយ៉ងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃ ធ្វើអ្វីតាមដែល ហ៊ុន សែន បញ្ជាឲ្យព្រះអង្គធ្វើទាំងអស់ ដូច្នេះព្រះមហាក្សត្រសព្វថ្ងៃ ជាព្រះមហាក្សត្រអត់បានការ អត់ប្រយោជន៍ ខ្ញុំអត់ចាប់អារម្មណ៍ អត់គោរពព្រះមហាក្សត្រសព្វថ្ងៃ....»។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕