(ស្វាយរៀង)៖ លោកយាយ កឹម សារ៉ាត់ និងក្រុមគ្រួសារ មេភូមិ មេឃុំកំពង់ត្រាច ស្រុករមាសហែក និងប្រជាពលរដ្ឋជាង ១០០នាក់ បានមកជួបជុំគ្នាជួយគាំទ្រ និងលើកដៃសំពះសុំអន្តរាគមន៍ ពីថ្នាក់ដឹកនាំ ក្រោយលឺដំណឹងថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានបញ្ជូនក្រុមការងារ យកសាលក្រមស្ថាពរចុះមករុះរើផ្ទះនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ តែលោកអភិបាលស្រុករមាសហែក បានស្នើសុំពន្យាពេលទុកដោះស្រាយនាពេលក្រោយ។
យោងតាមលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង តាមទូរសព្ទ័នៅព្រឹកថ្ងៃទី១៨ ខែតុលាថា ការរុះរើនេះ លោកបានស្នើសុំទៅតុលាការខេត្ត ដើម្បីធ្វើការពន្យាពេលទុកដោះស្រាយ និងធ្វើវានៅពេលក្រោយ។ លោកថ្លែងថា ចំពោះរឿងរ៉ាវដីធ្លីនេះ នឹងមានការសម្របសម្រួលណាមួយ ជាមួយអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ភាគីពាក់ពន្ធ័ទាំងអស់ គឺចង់ដោះស្រាយក្រៅប្រពន្ធ័តុលាការ ដើម្បីបញ្ចប់រឿងនេះឲ្យចប់ កុំឲ្យអូសបន្លាយតទៅទៀត។
ចំណែកពលរដ្ឋរួមទាំងអតីតមេភូមិចាស់ថ្មី មេឃុំចាស់ថ្មី ក៏បានមកគាំទ្រដល់លោកយាយ កឹម សារ៉ាត់ មិនឲ្យតុលាការខេត្តរុះរើផ្ទះគាត់ជាដាច់ខាត ខណៈដែលប្រជាពលរដ្ឋជាង ៤០០គ្រួសារ។ ពួកគាត់បាននាំគ្នាផ្ដិតមេដៃ ដោយអះអាងបញ្ជាក់ថា លោកយាយ កឹម សារ៉ាត់ ជាម្ចាស់កម្មសិទ្ធិដីស្របច្បាប់ នៅចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក យ៉ាងពិតប្រាកដ ដោយរស់នៅយ៉ាងសុខសាន្តតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។
យោងតាមលិខិតដែលចុះហត្ថលេខា និងផ្តិតមេដៃទទួលស្គាល់ដោយលោក នន់ សាផន មេភូមិកំពង់ត្រាច និងលោក យូ យ៉ុន មេឃុំកំពង់ត្រាច បានបញ្ជាក់ថា «ឈ្មោះ កឹម សារ៉ាត់ ភេទស្រី ពិតជាមានដីបណ្ដោយទំហំ ៦៥ម៉ែត្រ និងទទឹង២៨ម៉ែត្រ បានកាន់កាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់សព្វថ្ងៃ។ ដីនេះមិនមានការពាក់ព័ន្ធ ក្នុងការជាប់កិច្ចសន្យាលក់ ឬបញ្ចាំទៅឲ្យបុគ្គលណាម្នាក់ ឬស្ថាប័នណាឡើយ»។
បើយោងតាមសេចក្ដីអះអាង ដែលផ្ដិតមេដៃដោយប្រជាពលរដ្ឋ ចំនួន៤០០ គ្រួសារបានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នា ជាប្រជាជនរស់នៅ ភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង សូមជួយផ្តិតមេដៃ និងគាំទ្រដីលោកយាយ កឹម សារ៉ាត់ ដែលមានទំហំ៦៥ម៉ែត្រ និងទទឹង២៨ម៉ែត្រ ដោយមេភូមិ-មេឃុំកំពង់ត្រាចបានចែកឲ្យរស់នៅតាំងពីថ្ងៃ៧មករា ឆ្នាំ១៩៧៩»។
សូមបញ្ជាក់ថា បញ្ហាដែលនាំឲ្យមាន ការចុះរុះរើផ្ទះរបស់លោកយាយ កឹម សារ៉ាត់នេះ ដោយសារមានពាក្យសុំអន្តរាគមន៍ លើការអនុវត្តដោយបង្ខំ ពីប្រធានមន្ទីរកសិកម្ម ខេត្តស្វាយរៀង ដែលចុះហត្ថលេខាដោយលោក ថាច់ រតនា ជាប្រធានមន្ទីរ ទៅតុលាការសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ដែលជាម្ចាស់បំណុល នៃការអនុវត្ត ក្នុងសំណុំរឿងអនុវត្តន៍តាមសាលក្រម រដ្ឋប្បវេណីលេខ១០១ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៥ របស់សាលាដំបូងខេត្តស្វាយរៀង។
រហូតនៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៩នេះដែរ ប្រជាពលរដ្ឋដែលមកគាំទ្រម្ចាស់ដី នៅតែជួបជុំគ្នាដដែល ដើម្បីទទួចសុំឲ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយរកយុត្តិធម៌ជូនពួកគាត់ផងដែរ៕