(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានក្លាយជាសមាជិកថ្មីនៃប្រព័ន្ធបាគង ដែលជាកម្មវិធីទូទាត់នៅលើទូរស័ព្ទដៃ ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការអន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួលនៅកម្ពុជា។
ផ្ដួចផ្ដើមឡើងនិងចាត់ចែងដោយធនាគារជាតិនៃកម្ពុជា គម្រោងប្រព័ន្ធបាគងនេះ មានគោលបំណងជំរុញប្រព័ន្ធទូទាត់ឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងថា «ប្រាសាក់ពិតជាមានកិត្តិយសនិងសប្បាយរីករាយដែលបានក្លាយជាចំណែកដ៏សំខាន់មួយនៃគម្រោងបាគងរបស់ធនាគារជាតិនៃកម្ពុជា។ នេះជាកម្មវិធីទូទាត់នៅលើទូរស័ព្ទដៃដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain ដែលនឹងពាំនាំរាល់គ្រឹះស្ថានដែលផ្ដល់សេវាទូទាត់និងគ្រឹះស្ថានហិរញ្ញវត្ថុឱ្យស្ថិតនៅប្រព័ន្ធតែមួយ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ព្រមទាំងសម្រួលដល់ការចាត់ចែងសាច់ប្រាក់ប្រចាំថ្ងៃផងដែរ»។
លោកបន្ថែមថា «បាគង ជាសេវាទូទាត់ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការអន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួល លឿនរហ័ស ប្រកបដោយសុវត្ថិភាព និងមិនអស់កម្រៃសេវា។
ហេតុនេះអតិថិជនអាចរីករាយប្រើប្រាស់សេវានេះក្នុងការផ្ទេរប្រាក់ ទូទាត់ ដាក់ប្រាក់ និងទទួលប្រាក់ដោយងាយស្រួល»។
លោកក៏បានលើកឡើងផងដែរថា បាគង គឺជាកម្មវិធីទូរស័ព្ទតែមួយគត់ ដែលរួមបញ្ចូលគ្នានូវសេវាកាបូបលុយអេឡិចត្រូនិក ការទូទាត់តាមទូរស័ព្ទចល័ត ការធ្វើសេវាធនាគារតាមអនឡាញ និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត ដែលមានមុខងារងាយស្រួលប្រើជាងគេ ដំបូងគេ និងមានធនាគារជាដៃគូច្រើនជាងគេបង្អស់នៅកម្ពុជា។
លោក សាយ សូនី ក៏បានគូសបញ្ជាក់ផងដែរថា កម្មវិធីទូទាត់ដ៏អស្ចារ្យនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជាយានក្នុងការអូសទាញកំណើនយ៉ាងរឹងមាំនៅក្នុងយុគសម័យឌីជីថលនេះ។
លោកក៏បានបញ្ជាក់ទៀតថា គម្រោងបាគងនេះ គឺជាគម្រោងមួយក្នុងចំណោមគម្រោងនានាដែលប្រាសាក់បានសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការធ្វើឱ្យការទូទាត់កាន់តែមានប្រសិទ្ធភាព ដូចជាសេវាទូទាត់រហ័ស និងខេមបូឌាន ស៊ែរ ស្វ៊ីច ជាដើម៕
សូមដោនឡូដយកកម្មវិធី បាគង ឥឡូវនេះពីក្នុង
App Store (https://apps.apple.com/us/app/bakong/id1440829141) ឬ
Play Store (https://play.google.com/store/apps/details?id=jp.co.soramitsu.bakong)
និងរីករាយជាមួយមធ្យោបាយថ្មីនៃការទូទាត់ និងផ្ទេរប្រាក់ នៃយុគសម័យថ្មីដោយភាពងាយស្រួល និងសុវត្ថិភាព!