(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានរៀបចំកិច្ចប្រជុំជាមួយប្រតិបត្តិករផែស្ងួត ភណ្ឌាគារគយមានដែនកំណត់ កំពង់ផែតូចៗតាមសមុទ្រ និងប្រតិបត្តិករដឹកជញ្ជូនទំនិញនាំចេញ-នាំចូលនៅកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមពីប្រធាន និងតំណាងប្រតិបត្តិករពាក់ព័ន្ធ ព្រមទាំងមានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករពាក់ព័ន្ធ។
កិច្ចប្រជុំនេះ បានធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ ក្នុងគោលបំណងស្វែងរកបាតុភាពអសកម្ម និងបញ្ហាប្រឈមនានានៃអាជីវកម្មផែស្ងួត ភណ្ឌាគារគយមានដែនកំណត់ ក៏ដូចជាសេវាដឹកជញ្ជូនទំនិញនាំចេញ-នាំចូល នៅកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំ លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់អំពីតួនាទីនិងភារកិច្ចស្នូលមួយចំនួនរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមមាន៖ ការប្រមូលចំណូលពន្ធអាករ, ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, ការផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម និងការចូលរួមចំណែកលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ ការពារសន្តិសុខនិងសុវត្ថិភាពសង្គម និងបរិស្ថានផងដែរ។ ក្នុងការអនុវត្តតួនាទីនិងភារកិច្ចគន្លឹះទាំងនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តែងខិតខំរក្សានូវតុល្យភាពរវាងការអនុវត្តច្បាប់ និងកិច្ចសម្រួលពាណិជ្ជកម្ម ពោលគឺផ្តល់ភាពងាយស្រួលដល់ធុរកិច្ចរបស់វិស័យឯកជនពាក់ព័ន្ធ ប៉ុន្តែត្រូវមានអនុលោមភាព និងអនុវត្តកាតព្វកិច្ចនានាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ឆ្លៀតក្នុងឱកាសនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានលើកឡើងពីការប្រែប្រួលនៃបរិស្ថានពាណិជ្ជកម្មអន្តរជាតិ ជាពិសេសសង្គ្រាមពាណិជ្ជកម្ម, និន្នាការនៃការកើនឡើងនៃការការពារនិយម និងឯកតោភាគីនិយម។ ឆ្លើយតបនឹងស្ថានភាពនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងវិធានការកែទម្រង់ស៉ីជម្រៅ និងមុតស្រួចនានាជាបន្តបន្ទាប់ ដើម្បីពង្រឹងភាព ប្រកួតប្រជែង និងកែលម្អកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជា។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានបង្ហាញផងដែរនូវខ្លឹមសារលិខិតុបករណ៍គតិយុត្តគន្លឹះៗ ពាក់ព័ន្ធមួយមួយចំនួន ដែលតម្រូវឱ្យប្រតិបត្តិករផែស្ងួត ភណ្ឌាគារគយមានដែនកំណត់ កំពង់ផែតូចៗតាមសមុទ្រ និងប្រតិបត្តិករដឹកជញ្ជូនទំនិញនាំចេញ-នាំចូល មានការជ្រួតជ្រាប និងមានកាតព្វកិច្ចអនុវត្ត ដើម្បីពង្រឹងអនុលោមភាព និងជំរុញការប្រកួតប្រជែងដោយស្មើភាពក្នុងកិច្ចដំណើរការធុរកិច្ច និងឡូជីស្ទីករបស់ខ្លួននៅកម្ពុជា។
ក្រោយពីបានពិភាក្សា និងពិគ្រោះយោបល់លើប្រធានបទពាក់ព័ន្ធមួយចំនួន កិច្ចប្រជុំបានរកដំណោះស្រាយបញ្ហាប្រឈម និងសំណូមពរលើការងារមួយចំនួនដូចជា៖ ការជំរុញដំណើរការនៃការដឹកជញ្ជូនឆ្លងកាត់អន្តរជាតិ, ជំរុញដំណើរការនៃការនាំចេញផលិតផលកសិកម្មឱ្យកាន់តែរលូន, ការកំណត់មូលហេតុ ដែលនាំឱ្យមានការកកស្ទះមធ្យោបាយដឹកជញ្ជូនឆ្លងដែននៅមាត់ច្រកសំខាន់ៗ មួយចំនួន, និងកត្តានិងមូលហេតុដែលនាំឱ្យថ្លៃដើម នៃការដឹកជញ្ជូនទំនិញនាំចេញ-នាំចូលនៅកម្ពុជាកើនខ្ពស់ ជាដើម។
ចំពោះសំណូមពរ និងបញ្ហាមួយចំនួនដែលនៅសេសសល់ មិនទាន់អាចដោះស្រាយបាននាពេលនេះ អង្គប្រជុំសម្រេចនឹងលើកឡើងក្នុងកិច្ចប្រជុំយន្តការភាពជាដៃគូរវាងគយ និងវិស័យឯកជនលើកទី៨ នាថ្ងៃខាងមុខ៕