(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្តនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនអ្នករត់ម៉ូតូឌុប នៅមុខសាលាខេត្ត ព្រមទាំងបានឧបត្ថម្ភជាស្បៀងអាហារ និងថវិកាមួយចំនួន បន្ទាប់ពីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរបានបញ្ចប់ ហើយពួកគាត់ស្ងាត់ម៉ូយ រកចំណូលមិនសូវបានផងនោះ។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងចង់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា ប្រកបដោយសេចក្ដីស្រឡាញ់ ចំពោះបងប្អូន និងក្រុមគ្រួសារជនរួមជាតិទាំងអស់»។
លោកអភិបាលខេត្ត បានបញ្ជាក់ថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តចតេជោ សែន និងនយោបាយ ឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយកត្តាសន្តិភាពនេះ បានផ្តល់ឱកាសឲ្យយើងបានធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានាដូចជា៖ ផ្លូវ, ស្ពាន, សាលារៀន, មន្ទីរពេទ្យ, មណ្ឌលសុខភាព, បណ្តាញអគ្គិសនី, បណ្តាញទឹកស្អាតមានតាំងនៅទីប្រជុំ ជនរហូតដល់ជនបទ ទាំងនេះជាការឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋយើង ហើយវាក៏បានជំរុញ នូវកំណើនសេដ្ឋកិច្ចគ្រួសារ ដោះស្រាយបានរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋស្របតាម យុទ្ធសាស្ត្រ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា»។
លោក ផាន់ ចាន់ធុល បានបន្តថា ការជួបសំណេះសំណាលនេះ មានគោលបំណងដើម្បីចង់ដឹងពីសុខទុក្ខរបស់បងប្អូនជាអ្នករត់ម៉ូតូឌុប ដែលមិនសូវបាននៅផ្ទះជាប់រវល់ក្នុងការប្រកបការងារ ដោះស្រាយជីវភាពគ្រួសារ និងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាបណ្តាញសង្គម ពីព្រោះបងប្អូនជាអ្នករត់ម៉ូតូឌុប គឺជាភ្នាក់សន្តិសុខដ៏សំខាន់ក្នុងកាចូលរួមផ្តល់ព័ត៌មានទាំងឡាយណា ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ជាពិសេសការចូលរួមដ៏សកម្មរបស់បងប្អូនពាក់ព័ន្ធនិងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល និងថ្នាក់ដឹកនាំខេត្ត ក៏បានឧបត្ថម្ភដល់បងប្អូនអ្នករត់ម៉ូតូឌុបនៅមុខសាលាខេត្ត ចំនួន២៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕