(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យល្បី របស់អាមេរិកនៅកម្ពុជា (KW-កម្ពុជា) បានឲ្យដឹងថា បច្ចុប្បន្នទីក្រុងបាវិត ជាទីក្រុងមួយដែលកំពុងមានកំណើន អចលនទ្រព្យកើនឡើង និងជាតំបន់លេខ១ ដែលទាក់ទាញខ្លាំងលើវិស័យសណ្ឋាគារ, កាស៊ីណូ, លំហែរកំសាន្ដ, រោងចក្រ, ភោជនីយដ្ឋាន និងលំនៅដ្ឋានជាដើម។
លោកបញ្ជាក់ថា ដោយសារតែឃើញការរីកចម្រើននេះហើយ ទើបក្រុមហ៊ុន KW-កម្ពុជា បានសម្រេចចិត្តបើកសាខា តាមបណ្ដាខេត្តលើកដំបូង និងជ្រើសរើសយកក្រុងបាវិត ជាអនុសាខារបស់ KW-កម្ពុជានេះ។ ក្រុងបាវិតជាតំបន់មួយ ដែលមានចរន្ដដីធ្លីដើរខ្លាំង ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
ការលើកឡើងបែបនេះ របស់លោកបណ្ឌិត គីម ហ៊ាង ធ្វើឡើងក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នាស្ដីពី «ការប្រគល់សិទ្ធិពិសេស ក្នុងការបើកសាខា KW-កម្ពុជា នៅក្នុងទីក្រុងបាវិត» ដែលរៀបចំឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ រវាងលោកបណ្ឌិត គីម ហ៊ាង និងលោក យិន ធាវិន ម្ចាស់អាជីវកម្ម KW Khmer Real Estate ក្រុងបាវិត។
លោក យិន ធាវិន បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះក្រុងបាវិត មិនមានបញ្ហានោះឡើយ សម្រាប់ការបើក KW-កម្ពុជានៅទីនោះ។ សម្រាប់គោលដៅសំខាន់ ក្នុងការបង្កើតនៅទីនោះ គឺវាយលុកទីផ្សារអចលនទ្រព្យ ឲ្យបានច្រើនដូចជាការទិញដូរ ឬជួលជាដើម។
ជាមួយនឹងការបើកសាខាដំបូងនេះ លោកបណ្ឌិត គីម ហ៊ាង ក៏បានបង្ហាញពីសក្ដានុពល ក្នុងការក្ដោបក្ដាប់ទីផ្សារដីធ្លីនៅកម្ពុជា របស់ក្រុមហ៊ុន KW-កម្ពុជា ដោយនឹងពង្រាយសាខារបស់ខ្លួន ឲ្យបានគ្រប់ខេត្ត-ក្រុងនៅរយៈពេល១០ឆ្នាំខាងមុខនេះ ដោយរំពឹងថានឹងបើកសាខាឲ្យបាន៣៥។
ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យរូបនេះឲ្យដឹងថា បន្ទាប់ពីពង្រាយសាខានៅទីក្រុងបាវិត KW-កម្ពុជា នឹងពង្រាយខ្លួនបន្ថែមទៀត ដោយគ្រោងបើកសាខា KW-កម្ពុជា យ៉ាងតិចបំផុត១ និងអនុសាខា២យ៉ាងតិច នៅក្នុងឆ្នាំ២០២០ខាងមុខនេះ។
លោកបណ្ឌិត គីម ហ៊ាង បានថ្លែងឲ្យដឹងថា «បេសកកម្មរបស់យើងក្នុងឆ្នាំ២០២០ គម្រោងដែលខ្ញុំគ្រោងបង្កើតថែម នោះគឺត្រូវបើកសាខារបស់ KW-កម្ពុជាឲ្យបាន១ និងអនុសាខាយ៉ាងតិច២ មានន័យថា ក្នុងឆ្នាំ២០២០នេះ KW-កម្ពុជា និង Khmer Real Estate ត្រូវមានសាខា២ សាខារបស់ KW-Khmer Real Estate គឺជាអនុសាខារបស់ KW-កម្ពុជា ហើយសម្រាប់ឆ្នាំ២០២០នេះ យើងត្រូវបើកបន្ថែមចំនួន២ទៀត ដោយបានកំណត់បើកនៅទីក្រុងតាខ្មៅ, ក្រុងប៉ោយប៉ែត និងកែប»។
លោកបណ្ឌិតបន្ដថា ក្រុងទាំង៣នេះ ត្រូវតែបើកឲ្យបាន២ក្នុងឆ្នាំ២០២០ ហើយក្រៅពីនេះនឹងបើក តាមបណ្ដាលខេត្តមួយ និងខណ្ឌចំនួន១ នៅក្នុងទីក្រុងភ្នំពេញសម្រាប់ឆ្នាំក្រោយ។ លោកបណ្ឌិតឲ្យដឹងថា ក្នុង១ឆ្នាំអាចបើកសាខាបាន២-៣ មិនអាចអាចបើក៥-១០ក្នុងពេល១ឆ្នាំនោះឡើយ៕