Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលចរាចរណ៍ខេត្តកំពង់ចាម ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងចែកខិតប័ណ្ណអប់រំ ដល់អ្នកបើកបរតាមដងផ្លូវ

18-10-2019 10:35

(កំពង់ចាម)៖ ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ ចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ចែកខិតប័ណ្ណអប់រំ និងបិទស្ទិកគ័រ ដល់អ្នកប្រើប្រាស់យានយន្ដ និងយានជំនិះគ្រប់ប្រភេទតាមដងផ្លូវ។

យុទ្ធនាការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ ដែលការចុះផ្សព្វផ្សាយនេះ ធ្វើឡើងនៅគោលដៅ ដើមទីចំណុចគល់ស្ពានគីហ្សូណា និងចំណតរថយន្តក្រុងកំពង់ចាម ក្នុងគោលលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់នៅតាមដងផ្លូវ។

ក្នុងឱកាសនោះ កម្លាំងនគរបាលសណ្ដាប់ធ្នាប់ បានធ្វើការផ្សព្វផ្សាយ និងចែកខិតប័ណ្ណជូនដល់បងប្អូន ដែលបើកបរម៉ូតូ រថយន្តតូចធំ និងឯកសារស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក មួយចំនួនផងដែរ ក្នុងនោះរួមមាន ចែកខិតប័ណ្ណចំនួន២០០សន្លឹក និងបិទស្ទិកគ័រ ចំនួន១០០សន្លឹក។

គួរជម្រាបថា របាយការណ៍ស្ដីពីសភាពការណ៍ គ្រោះថ្នាក់ចរាចរណ៍ ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ នៅទូទាំងប្រទេសបានកើតឡើង ចំនួន៩៨៨លើក បណ្តាលឲ្យស្លាប់ចំនួន៤៨៨នាក់ និងរបួសចំនួន១៤៩៤នាក់ ភាគច្រើននៅរាជធានីភ្នំពេញ ស្លាប់ចំនួន៨៣នាក់, ខេត្តកណ្តាល ស្លាប់ចំនួន៤៥នាក់, ខេត្តកំពង់ស្ពឺ ចំនួន៤១នាក់ និងខេត្តព្រះសីហនុ ស្លាប់ចំនួន៣៧នាក់៕