Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាអន្ដរជាតិ CIA First ប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្របាក់ឌុប

18-10-2019 08:24

(ភ្នំពេញ)៖ សិស្សានុសិស្ស នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានទទួលរង្វាន់ និងប័ណ្ណសរសើរពីថ្នាក់ដឹកនាំសាលា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

ពិធីនេះ ត្រូវបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់លោកឧកញ៉ា បណ្ឌិត ត្រាំង លី ដែលជាប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងលោក សំអាត ហ៊ីម ស្ព្រង់ ដែលជាអនុប្រធាន ក្រុមប្រឹក្សាភិបាល។ ក្នុងចំណោមសិស្សជ័យលាភីទាំង៤៩នាក់ មានសិស្សានុសិស្សចំនួន៣នាក់ ដែលទទួលបាននិទ្ទេស A ក្នុងនោះមានយុវសិស្ស ចាន់ វេងលាភ, ចេង វសុធា និង អ៊ួង ច័ន្ទសិរី។

លោក ឃុន ចាន់នី ដែលជានាយកកម្មវិធីសិក្សាចំណេះទូទៅខ្មែរ បានថ្លែងថា ពីមួយឆ្នាំទៅមួយឆ្នាំ លទ្ធផលក្នុងការប្រឡងថ្នាក់ជាតិ របស់សិស្សានុសិស្សយើង មានការរីកចម្រើនជាលំដាប់ តួយ៉ាង នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងទៅនេះ យើងមានសិស្សជាប់និទ្ទេស A និងB ច្រើនជាងឆ្នាំមុនៗ។

លោក ឃុន ចាន់នី បានគូសបញ្ជាក់ថា ហើយនេះជាលទ្ធផល ក៏ដូចជា ទឡ្ហីករណ៍បង្ហាញពីការអភិវឌ្ឍឥតឈប់ឈរ នៃគុណភាពអប់រំនៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។

គួសបញ្ជាក់ថា ជាមួយនឹងការរីកចម្រើននេះ នៅឆ្នាំ២០២០ខាងមុខ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នឹងដាក់ឲ្យដំណើរការ ទីតាំងអគារសិក្សាកម្រិតវិទ្យាល័យថ្មី មួយបន្ថែមទៀតនៅទិសខាងលិច ដែលមានចម្ងាយ ប្រមាណជា១,០០០ម៉ែត្រ ពីទីតាំងបច្ចុប្បន្ន៕