(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារ រយៈពេល៩ខែ និងពង្រឹងលើការងារជំនាញប្រឆាំងគ្រឿងញៀន។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន លោកនាយ-នាយរងការិយាល័យ, លោកនាយផ្នែក-នាយរងផ្នែក រហូតដល់មន្ត្រី នៃការិយាល័យប្រឆាំងគ្រឿងញៀន, លោកអធិការរង លោកនាយផ្នែក-នាយរងផ្នែក ទទួលការងារគ្រឿងញៀនទាំង១០ស្រុក-ក្រុង ក្នុងខេត្តកំពង់ចាម។
របាយការណ៍ដែលបានបង្ហាញ ក្នុងកិច្ចប្រជុំនោះបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលជំនាញខេត្តកំពង់ចាម បង្ក្រាបបាន១៧២ករណី ចាប់៤៩៣នាក់ ស្រី២៣នាក់ ក្នុងនោះករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១០៩ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន២៨៦នាក់ ស្រី១៨នាក់ និងករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន១១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣២នាក់។
ដោយឡែក ចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស ចំនួន១,០១០កញ្ចប់ (ធំ១០៥កញ្ចប់, តូច៩០៥កញ្ចប់) ទម្ងន់១,១៧៥.០៤ក្រាមទាំងសំបក, ថ្នាំគ្រាប់ចំនួន៥១គ្រាប់ ទម្ងន់២១.៣៧ក្រាមទាំងសំបក, ថ្នាំទឹក ចំនួន២៨ដប ទម្ងន់៦៧៨.៧៤ក្រាម, ថ្នាំម្សៅពណ៌ខៀវ០១កញ្ចប់ ទម្ងន់៣.២៣ក្រាមទាំងសំបក
ជញ្ជីងអេឡិចត្រូនិច១៣គ្រឿង, ទូរស័ព្ទដៃ២៥៩គ្រឿង, ម៉ូតូ១០៥គ្រឿង, រថយន្ត០៤គ្រឿង, អាវុធខ្លី (កាំភ្លើងប៊ិចបាញ់គ្រាប់ពិត) ០១ដើម មានគ្រាប់ចំនួន០១, អាវុធកែច្នៃ១៥ដើម, កាំបិតមុខស្រួច ២៤ដើម និងសម្ភារវេចខ្ចប់មួយចំនួន។
សម្រាប់ប្រតិបត្តិការក្នុងខែកញ្ញា ឆ្នាំ២០១៩នេះ បង្ក្រាបបានរួម៣៥ករណី ចាប់១០៨នាក់ ស្រី០៦នាក់ ប្រៀបធៀបទៅនឹងខែសីហា ឆ្នាំ២០១៩ កន្លងទៅកើនឡើង ចំនួន១១ករណី (៣៥/២៤ករណី) ឃាត់ខ្លួនកើនឡើងចំនួន៣៥នាក់ (១០៨/៧៣នាក់)៕