(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសចំនួន៣ ក្នុងដែនដីអឺរ៉ុប។
ប្រទេសជំនួន៣ ដែលសម្តេចបានបំពេញទស្សនកិច្ចនេះមានសាធារណរដ្ឋឆែកពីថ្ងៃទី១៣ ដល់ទី១៤ ខែតុលា ឆ្នាំ២០១៩, ប្រទេសហុងគ្រី ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ និងសាធារណរដ្ឋប៊ុលហ្គារី ពីថ្ងៃទី១៥ ដល់ទី១៦ ខែតុលា ឆ្នាំ២០១៩។
ក្នុងអំឡុងពេលទស្សនកិច្ច នៅសាធារណរដ្ឋឆែក សម្តេចតេជោនាយករដ្ឋមន្រ្តី បានចូលជួបសម្តែងការគួរសមជាមួយ លោក ចារ៉ូស្លាវ គុបេរ៉ា (Jaroslav Kubera) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក។បន្ទាប់ពីកិច្ចប្រជុំចង្អៀត សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកនាយករដ្ឋមន្រ្តី អេនដ្រេហ្គ បាប៊ីស បានជួបពិភាក្សាទ្វេភាគីលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។ ក្រោយជំនួបផ្លូវការនេះ នាយករដ្ឋមន្រ្តីទាំងពីរ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា។
ដោយឡែកនៅប្រទេសហុងគ្រីវិញ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ (3rd BWS) នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ក្រោមប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក»។ សម្តេចបានថ្លែងសុន្ទរកថានៅក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ ដោយផ្តោតទៅលើអាទិភាព យុទ្ធសាស្រ្ត និងកម្មវិធីការងារច្បាស់លាស់របស់កម្ពុជា ដើម្បីសម្រេចបាននូវការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ អំឡុងពេលស្នាក់នៅទីក្រុងប៊ុយដាប៉ែស សម្តេចតេជោនាយករដ្ឋមន្រ្តី បានចូលជួបសម្តែងការគួរសមជាមួយលោក យ៉ាណូស អាឌ័រ ប្រធានាធិបតីហុងគ្រី ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកដោយលោក លី យ៉ុង (Li Yong) អគ្គនាយកអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO)ផងដែរ។
ចំណែការបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី ដែលធ្វើឡើងតបតាមការអញ្ជើញរបស់លោក បូយកូ បូរីសសុវ (Boyko Borissov) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប៊ុលហ្គារីនោះ សម្តេចតេជោ បានចូលជួបសម្តែងការគួរសមជាមួយលោក រូមិន រ៉ាដេវ (Rumen Radev) ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសទាំងបីនេះ ក្រៅពីជជែកអំពីបញ្ហាពាក់ព័ន្ធ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏មានផងដែរនូវការជជែកពាក់ព័ន្ធនឹងបញ្ហា EBA ដែលក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានព្រលយថា សហភាពអឺរ៉ុប សម្តេចយ៉ាងណា ក៏ដោយ គឺត្រូវមានយុត្តិធម៌សម្រាប់កម្ពុជា៕