(ស្ទឹងត្រែង)៖ ការផលិតថាមពលអគ្គិសនីដោយទំនប់វារីអគ្គិសនី ឬដោយកម្លាំងទឹកនោះ ត្រូវបានអ្នកជំនាញខាងបរិស្ថាន ក៏ដូចជាអង្គការសហប្រជាជាតិ ចាត់ទុកថា ជាដំណើរការប្រកបដោយភាពបរិសុទ្ធ មិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងចំណាយដើមទុនទាបជាងរោងចក្រផលិតថាមពលដទៃ។
បើទោះបច្ចុប្បន្ន កម្ពុជាមានទំនប់វារីអគ្គិសនីចំនួន៧ហើយក៏ពិតមែន តែក៏នៅមានប្រជាពលរដ្ឋមួយចំនួន នៅមិនបានដឹងអំពីដំណើរការ នៃការផលិតថាមពលអគ្គិសនីនេះនៅឡើយទេ។ ជាការពិតណាស់ប្រហែលពលរដ្ឋមួយចំនួនបានយល់ច្រឡំថា ទ្វារទឹកនៃទំនប់វារីអគ្គិសនី ជាទីតាំងទាញយកថាមពលអគ្គិសនី តែមិនពិតមិនដូច្នេះឡើយ។ ការពិតទៅទ្វារទឹកគ្រាន់តែជាច្រកបញ្ចេញទឹករបស់អាងទំនប់នៅពេលទឹកក្នុងពេញលើសពីតម្រូវការ ឬនៅពេលខ្សែទឹកខាងក្រោមជួបបញ្ហាខ្វះខាតទឹកតែប៉ុណ្ណោះ។
ទីកន្លែងដែលផលិតថាមពលនៃទំនប់វារីអគ្គិសនី គឺស្ថិតនៅក្នុង Power Plan ដែលមានទីតាំងនៅឆ្ងាយពីទំនប់វារីអគ្គិសនី ខុសតែទំនប់វារីអគ្គិសនីសេសានក្រោម២តែប៉ុណ្ណោះ ដែលទីតាំង Power Plan នៅជាប់ជាមួយទំនប់វារីអគ្គិសនីតែម្ដង។
ដើម្បីផលិតបានថាមពលអគ្គិសនីគេត្រូវមានទ្វារទឹកដោយឡែកផ្សេងទៀត ដែលស្ថិតនៅផ្ទៃខាងក្រោមនៃទំនប់វារីអគ្គសនី ដើម្បីឱ្យកម្លាំងទឹកមានកម្លាំងបុកចូលទៅក្នុងម៉ាស៊ីទួប៊ិន ដែលស្ថិតនៅខាងក្នុង Power Plan។ បន្ទាប់ពីកម្លាំងទឹកបានចូលទៅ ម៉ាស៊ីនទួប៊ីននឹងបង្វិលស្លាបចាក់ ឬកង្ហារម៉ាស៊ីនទួប៊ីន ដែលកម្លាំងនៃការបង្វិលនេះនឹងបំប្លែងជាថាមពលអគ្គិសនី ដែលចេញតាមផ្នែកម្ខាងទៀតនៃម៉ាស៊ីនទួប៊ិន ដែលចែកចាយទៅតាមបង្គោលអគ្គិសនី។ ចំណែកឯទឹកដែលឆ្លងកាត់ម៉ាស៊ីនទួប៊ីន នឹងត្រូវបង្ហូរចេញទៅខ្សែទឹកខាងក្រោម ហើយនៅតែមានសុវត្ថិភាព និងមានគុណភាពក្នុងការប្រើប្រាស់ដដែល។
ចំណែកការពិនិត្យលើដំណើរការនៃម៉ាស៊ីនទួប៊ីន និងទំនប់វារីអគ្គិសនីទាំងមូលគឺស្ថិតនៅក្នុងបន្ទប់ Control Room ដែលស្ថិតនៅក្នុងទីតាំងPower Plan ហើយមានវិស្វករអគ្គិសនីទាំងជនជាតិខ្មែរ និងជនជាតិចិន ផ្លាស់វេនគ្នាប្រចាំការ និងបញ្ជា២៤ម៉ោងលើ២៤ម៉ោង។ ហើយការផលិតថាមពលត្រូវធ្វើឡើងតាមការបញ្ជាទិញពីEDCផ្ទាល់ ដោយមិនអាចផលិតលើសឬខ្វះថាមពលឡើយ។ នេះបើតាមការបញ្ជាក់ពីលោក ប៊ួ រិទ្ធី វិស្វករអគ្គិសនីនៃទំនប់វារីអគ្គិសនីសេសានក្រោម២។
បើនិយាយអំពីដំណើរការសុវត្ថិភាពនៅក្នុងទីតាំង Power Plan គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច ដោយត្រូវពាក់មួកការពារសុវត្ថិភាពជាប្រចាំ និងមិនត្រូវប៉ះពាល់សម្ភារផ្សេងៗនៅក្នុង Power Plan ទាំងមូល ប្រការទាំងនេះគឺរក្សាសុវត្ថិភាព និងចៀសវាងការធ្វើឲ្យមានការរំខានដល់ដំណើរការនៃការផលិតថាមពលដ៏ចាំបាច់នៃសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជាយើង៕