(ភ្នំពេញ)៖ វិស័យបច្ចេកវិទ្យាជឿនលឿនកម្រិតខ្ពស់លើវិស័យបញ្ជា Robot ស្តង់ដាពិភពលោក នាំយកពីសហរដ្ឋអាមេរិក ត្រូវបានសាលាអន្តរជាតិ SIS បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនរ៉ូបូស៉ីងកម្ពុជា ដើម្បីបង្រៀនកូនខ្មែរតូចៗ ដែលរៀននៅសាលាអន្តរជាតិ SIS ឲ្យចេះជំនាញលើការប្រើបច្ចេកវិទ្យាបញ្ជាលើ Robot តាមបែបទំនើបស្តង់ដាពិភពលោក។
បច្ចេកវិទ្យានេះមានឈ្មោះថា RoboThink ខណៈវាគឺជាកម្មវិធីសិក្សាបែបសប្បាយៗ ដែលផ្តោតសំខាន់លើវិស្វកម្ម និងបច្ចេកវិទ្យាស្របតាមកម្មវិធីអប់រំបែបស្ទែម។ ស្ទែមគឺជាឈ្មោះ ដែលតំណាងអោយវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
កម្មវិធីអប់រំបែបស្ទែមនេះ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អ្នកសិក្សាវ័យក្មេង ដើម្បីអភិវឌ្ឍជំនាញចាំបាច់សម្រាប់អនាគតឌីជីថល ដែលយើងកំពុងឆ្ពោះទៅ។ នៅក្នុងកម្មវិធី RoboThink គឺផ្តោតលើការសាងសង់គ្រឿងចក្រ បច្ចេកវិទ្យា វិស្វកម្ម សរសេរកូដ និងសរសេរកម្មវិធីដើម្បីបញ្ជាគ្រឿងចក្រនោះ។
លោក គុយ ប៉ាន់ឆ័យ នាយកប្រតិបត្តិក្រុមហ៊ុនរ៉ូបូស៉ីងកម្ពុជា បានលើកឡើងថា កម្មវិធីនេះលើកទឹកចិត្តសិស្ស ឲ្យសិស្សក្លាយជាវិស្វករនាពេលអនាគត ដែលប្រទេសកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំពុងត្រូវការយ៉ាងខ្លាំង លើមុខជំនាញនេះ។ កម្មវិធីរបស់ RoboThink ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡាកម្ពុជា យើងផងដែរ។
លោកបញ្ជាក់ថា អត្ថប្រយោជន៍នៃការសិក្សាកម្មវិធីនេះ មិនត្រឹមតែចំណេះដឹងទូទៅ លើផ្នែកគ្រឿងយន្តនិងការសរសេរកូដប៉ុណ្ណោះទេ តែកុមារដែលចូលរួមសិក្សាកម្មវិធីនេះ នឹងទទួលបានរួមមានជំនាញគិតពិចារណា ការដោះស្រាយបញ្ហា ចេះភាសាឌីជីថល មានការច្នៃប្រឌិតខ្ពស់។ RoboThink គឺជាអនាគតសម្រាប់មនុស្សជំនាន់ក្រោយ ដែលកម្មវិធីនេះនឹងជួយឲ្យកុមារធំឡើង ក្លាយជាវិស្វករជោគជ័យ និងជាក្តីសុបិន្តរបស់ពួកគាត់។
លោកស្រីបណ្ឌិត ងឿន ផល្លីនពោធិតា នាយិកាសាលាអន្តរជាតិ SIS បានថ្លែងថា ការផ្ដល់សេវាអប់រំប្រកបដោយគុណធម៌ និងប្រសិទ្ធភាពខ្ពស់ដល់សិស្សានុសិស្សដូចដែល SIS មានបាវចនា «Be smart ធ្វើឲ្យឆ្លាត, Be innovation ចេះបង្កើតថ្មី, និង Successful ធ្វើឲ្យសិស្សទទួលបានជោគជ័យ» ក្រោយពីបានបញ្ចប់ការសិក្សា ខណៈឆ្នាំនេះ សាលាបានបញ្ចូលកម្មវិធីរ៉ូបូតក្នុងថ្នាក់ទី៤ និងទី៦ និងគ្រោងបញ្ចូលទៅថ្នាក់ផ្សេងទៀតផង។
លោកស្រីបន្តថា តាមរយៈនេះ SIS ពិតជាផ្តល់នូវសញ្ញាណកម្ម ដែលផ្ដោតសំខាន់លើវិស្វកម្ម និងបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល ដែលស្របតាមកម្មវិធីអប់រំថ្មីបែបស្ទែម ដើម្បីឲ្យសិស្សានុសិស្សក្លាយជា «នវយុវជន» នៃសតវត្សន៍ទី២១ ពោលគឺឲ្យសិសសក្លាយជាយុវជនជឿនលឿន ថ្លៃថ្នូរ ជាជនជំនាន់ថ្មី ដែលផ្ដើមចេញពី៖
*អប់រំពួកគេឲ្យមានគុណធម៌ខ្ពស់ មានស្មារតីជាតិនិយម អន្តរជាតិនិយម បរិសុទ្ធ។
*អប់រំណែនាំឲ្យពួកគេមានជំហរស្រលាញ់សន្តិភាពមនុស្សធម៌ អភិរក្ស អភិវឌ្ឍន៍វប្បធម៌សង្គម ដើម្បីទុកជាផលប្រយោជន៍ មនុស្សជាតិទាំងមូលលើសកលលោក។
*បង្រៀនពួកគេឲ្យមានសុឆន្ទៈ បំពេញការងារជាក្រុមដោយជោគជ័យ ឥតមានការរើសអើងគ្រប់រូបភាព។
ជុំវិញការសិក្សាលើបច្ចេកវិទ្យានេះ កុមារី សួន សត្តាវត្តី អាយុ១០ឆ្នាំ ដែលកំពុងសិក្សាលើវិស័យ RoboThink នេះ បានប្រាប់ថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានមករៀនមខវិជ្ជាមួយនេះ ព្រោះថាវាធ្វើឲ្យខ្ញុំរីករាយ រំភើបពេលកំពុងរៀន ហើយបានចេះបញ្ជារ៉ូបូតដែលបានផលិតដោយផ្ទាល់ខ្លួន, ណាមួយពេលកំពុងរៀន ខ្ញុំក៏ចេះភាសាអង់គ្លេសថែមមួយកម្រិតទៀតផង។ ខ្ញុំចង់ប្រាប់ឲ្យកុមារផ្សេងៗទៀត បើចង់ចេះផលិតរ៉ូបូត និងចង់ចេះបញ្ជាវា សូមមករៀននៅសាលាអន្តរជាតិ SIS មក ព្រោះសាលានេះល្អខ្លាំងណាស់»។
សូមជម្រាបថា កម្មវិធីសិក្សាអប់រំបែបស្ទែមនេះ បង្រៀនដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី៤ ដល់ទី៦ ទៅក្នុងកម្មវិធីសិក្សារបស់សាលា SIS ដែលនេះជាឱកាសពិសេសជួយ និងជំរុញឲ្យសិស្សានុសិស្ស ទទួលបានសក្តានុពលពេញលេញជាមួយកម្មវិធីមួយនេះ៕