(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចចោទប្រកាន់លើឈ្មោះ ដួង ចន្រ្តា ហៅត្រា ភេទប្រុស និងគូកនពីបទ រួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងករណីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ នេះបើតាមអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ឈ្មោះ ដួង ចន្រ្តា ហៅ ត្រា ព្រមទាំងគូកន បានកៀរគរ និងបំផុសបំផុលឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី។ នេះបើតាមសេចក្តីប្រកាស។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ឈ្មោះ ដួង ចន្រ្តា ហៅ ត្រា ព្រមទាំងគូកន បានបំផុសបំផុលប្រជាពលរដ្ឋ ដោយចេតនាតាមរយៈបណ្តាញសង្គម Facebook ឈ្មោះ Duong Chantra ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បញ្ជាក់ថា អ្នកញ្ចក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល និងត្រូវប្រឈមនឹងការចោទ ប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» ដែលអាចមានទោសពី ០៥ (ប្រាំ) ឆ្នាំ ទៅ១០(ដប់) ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធនោះ ចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេសនៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ៕