(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៧ ខែតុលានេះ បានបន្តបើកការដ្ឋានជួលជុលផ្លូវ មានប្រវែងសរុប ៦៩២ម៉ែត ទទឹង៤,៥ម៉ែត នៅភូមិព្រៃទា១ និងដាក់លូរមូលរំដោះទឹក ៧៥៣ម៉ែត មុខកាត់០,៨ ទឹកនៅភូមិត្រពាំងពោធិ៍ និងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកា គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៩។
លោក វ៉ា សាវៀន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ មានផ្លូវលំប្រភេទផ្លូវដីបែបនេះ ជាច្រើនខ្សែដែលមិនទាន់បានជួសជុលកែលម្អ។ ជាមួយគ្នានេះ ដោយសារតែថវិកាគម្រោងមូលនិធិប្រចាំឆ្នាំមានកម្រិត សង្កាត់បានជ្រើសរើសផ្លូវណា ដែលជួបការលំបាកខ្លាំង លើកជាគម្រោងអាទិភាព ដាក់សុំការជួសជុលជាបន្ទាន់ ចំណែកផ្លូវផ្សេងៗទៀត និងដំណើរការពេលក្រោយតាមលទ្ធភាព តែទោះយ៉ាងណា សង្កាត់នឹងប្រឹងប្រែងអភិវឌ្ឍន៍ ទាំងផ្លូវ និងលូរំដោះទឹក ឱ្យបានប្រសើឡើងជាបន្តបន្ទាប់ ដើម្បីការរស់នៅស្រួលរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា ជាការពិតមួយឆ្នាំៗ សង្កាត់នីមួយៗតែងទទួលបានថវិកាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ យកមកជួសជុលផ្លូវ លូ ក្នុងមូលដ្ឋាន តែថវិកានេះមិនបានច្រើនប៉ុន្មានទេ។ ដូចនេះចាំបាច់ត្រូវតែបែងចែក និងជ្រើសរើសយកផ្លូវណាដែលជាអាទិភាព ដោយឆ្នាំនេះផ្តល់ទៅភូមិនេះ ឆ្នាំក្រោយផ្តល់ទៅភូមិនោះ គឺមិនអាចធ្វើឱ្យតែភូមិនេះរហូតបានទេ។
លោកថ្លែងថា ទោះបីថា មានផ្លូវល្អ ឬមិនល្អក៏ដោយ សំខាន់សូមកុំរំលោភផ្លូវ រំលោភលូ ដែលនាំឱ្យផ្លូវរួមតូច លូស្ទះ ហើយតាំងស្រែកឱ្យអាជ្ញាធរជួយ និងថាអាជ្ញាធរមិនមើលខុសត្រូវ តែបើផ្លូវនៅមុខផ្ទះមិនជួយខ្លួនងផង តើឱ្យអ្នកនៅឆ្ងាយឯណាមកជួយ? បើគង់គេមកជួយ ក៏វាយឺតបន្តិចដែរ។ ជាមួយគ្នានេះ សូមចូលរួមវិចខ្ចប់ ទុកដាក់សំរាមឱ្យបានល្អ រង់ចាំរថយន្តមកទទួលចាំបញ្ចេញសំរាម និងកុំបោះសំរាមចោលពាសវាលពាសកាល ដែលនាំឱ្យប៉ះពាល់បរិស្ថាន និងសោភ័ណភាពមូលដ្ឋាន។
លោកអភិបាលខណ្ឌ បានណែនាំដល់ក្រុមហ៊ុនទទួលការ ត្រូវអនុវត្តន៍គម្រោងឱ្យបានល្អ តាមបទដ្ឋានបច្ចេកទេ ដើម្បីឱ្យផ្លូវដែលស្ថាបនាទៅហើយ ធានាគុណភាពល្អ ប្រើប្រាស់បានយូរ។ ទន្ទឹមនឹងនេះ អាជ្ញាធរសង្កាត់ ភូមិត្រូវចុះពន្យល់ណែនាំប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់គម្រោងនេះ ឱ្យគាត់យល់ពីសារប្រយោជន៍នៃការពង្រីផ្លូវ និងឱ្យចូលរួមបង្កលទ្ធភាពឱ្យក្រុមហ៊ុនអនុវត្តន៍គម្រោង បានរលូនរហូតចប់ចុងចប់ដើម៕