(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បានដឹកនាំក្រុមម្ចាស់ជំនួយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៣ រួមមាន តំណាងប្រទេសអូស្ត្រាលី Department of Foreign Affairs and Trade (DFAT) អង្គការយូអិនឌីភី (UNDP) ថ្នាក់ដឹកនាំអាជ្ញាធរមីន និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យសកម្មភាព បោសសម្អាតមីនជាក់ស្តែង នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលពីដីបោសសម្អាតមីនរួច ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា មុនពេលបោសសម្អាតមីន និងភាពប្រសើឡើងបន្ទាប់ពីបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរួច។
ក្នុងឱកាសនោះផងដែរ តំណាងប្រទេសអូស្ត្រាលី និងអង្គការ UNDP ក៏បានសំដែងនៅការពេញចិត្តចំពោះក្នុងការប្រើប្រាស់ជំនួយសម្រាប់បោសសម្អាតមីនមនុស្សធម៌បានចំគោលដៅ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងការកាត់បន្ថយភាពក្រីក្រនៅតាមតំបន់ជនបទ ព្រមទាំងបានប្តេជ្ញាបន្តគាំទ្រនិងជួយដល់កម្ពុជាលើវិស័យបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិសកកម្មភាពមីន ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់។
ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានថ្លែងនូវអំណរគុណដល់ដៃគូអភិវឌ្ឍ និងម្ចាស់ជំនួយទាំងចាស់ និងថ្មីទាំងអស់ ដែលបាននឹងកំពុងគាំទ្រទាំងសម្ភារ បច្ចេកទេស និងថវិកា ដើម្បីជួយដល់ការងារបោសសម្អាតមីននៅកម្ពុជា ជាពិសេស ជំនួយសម្រាប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល៕