(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ បានចូលរួមជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ជូនប្រជាពលរដ្ឋម្ចាស់ក្បាលដីចំនួន៧៩៦ក្បាលដី ស្មើនឹង៦៥៧គ្រួសារ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។
លោកអភិបាលខណ្ឌដង្កោ បានលើកឡើង អំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមដំបូលសន្តិភាព ជាក់ស្តែងប័ណ្ណកម្មសិទ្ធិដែលផ្តល់ជូនបងប្អូននៅថ្ងៃនេះ បានបង្ហាញអំពីសិទ្ធិកាន់កាប់ ដីធ្លី ស្របច្បាប់របស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោក នុត ពុធដារ៉ា ក៏បានណែនាំដល់ប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដីទាំងអស់ អំពីសារសំខាន់ និងអត្ថប្រយោជន៍នៃវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬហៅថាប្លង់រឹងនេះ ព្រមទាំងណែនាំដល់បងប្អូនឲ្យចេះថែរក្សាទុកដាក់ វិញ្ញាបនបត្រនេះឲ្យបានត្រឹមត្រូវ ប្រសិនបើបាត់បង់ ឬខូចខាត ត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច បន្ទាន់ដើម្បីចាត់ការបន្ត។
លោកអភិបាលខណ្ឌ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ឲ្យបន្តរីករាយសម្រាប់ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និអកអំបុកនាពេលខាងមុខនេះ និងជួបជុំហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ តាមភូមិសង្កាត់រៀងៗខ្លួន។ ចំពោះខណ្ឌដង្កោទាំងមូល ប្រជាពលរដ្ឋរាប់ម៉ឺននាក់ នឹងរៀបចំពិធីហូបអំបុកនេះ តាមមូលដ្ឋាននានា ប្រកបដោយភាពរីករាយ ស្និទស្នាល ក្នុងមហាគ្រួសារខ្មែរ៕