(ភ្នំពេញ)៖ ក្រសួងសុខាភិបាល, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រុមហ៊ុនមិត្តហ្វូននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ បានរៀបចំវេទិការបច្ចេកវិទ្យាសុខាភិបាល កម្ពុជាលើកទី១ ក្រោមប្រធានបទ «ការផ្លាស់ប្តូរបែបឌីជីថលក្នុងវិស័យសុខាភិបាល» ក្នុងគោលបំណងដើម្បីពិភាក្សាបញ្ហាប្រឈម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាសុខាភិបាល (HealthTech) ឆ្ពោះទៅរកភាពធ្វើឲ្យកាន់តែប្រសើរឡើង នៃវិស័យសុខាភិបាលនៅកម្ពុជា។
វេទិកាសុខាភិបាលកម្ពុជាលើកទី១នេះ បានរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ពីសំណាក់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, តំណាងរដ្ឋមន្រ្តីសុខាភិបាល, លោក អៀង ស៊ុនលី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ សាកលវិទ្យាល័យវេជ្ជសាស្រ្ត និងសហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនពាក់ព័ន្ធជាច្រើននៅក្នុងរាជធានីភ្នំពេញ និងអ្នកជំនាញជាង៣០០នាក់ផងដែរ។
លោក ត្រាំ អ៊ីវតឹក បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូន ដែលបានចូលរួមចំណែកក្នុងការធ្វើប្រព័ន្ធឌីជីថលរបស់កម្ពុជា ក្នុងរូបភាពផ្សេងៗជាច្រើន ដូចជា វិស័យសុខាភិបាល វិស័អប់រំ វិស័យដឹកជញ្ជូន និងវិស័យជាច្រើនទៀត ហើយលោកក៏សង្ឃឹមថា មិត្តហ្វូននឹងនៅតែបន្ត ផ្តល់នូវដំណោះស្រាយជាច្រើនថែមទៀតដើម្បីអនុវត្តនាពេលអនាគត។
ក្នុងពិធីបើកវេទិកានេះលោក ហ្វុង វ៉ាន់គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន បានបង្ហាញតួនាទី និងបេសកកម្មរបស់មិត្តហ្វូន ក្នុងយុគសម័យផ្លាស់ប្តូរបែបឌីជីថល ដោយមិត្តហ្វូនគឺជាប្រតិបត្តិករ តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីបំពេញតាមតម្រូវការហេដ្ឋារចនាសម្ព័ន្ធសម្រាប់អាយអូធី(IOT) និងការផ្លាស់ប្តូរបែបឌីជីថល។
លោកបន្តថា «ជាមួយនិងបេសកកម្មរបស់យើងក្នុងការកសាងសង្គមឌីជីថលនៅប្រទេសកម្ពុជា ក្រុមហ៊ុនមិត្តហ្វូនចង់ចូលរួមដោះស្រាយបញ្ហាកង្វះខាតរបស់មន្ទីរពេទ្យ គ្រូពេទ្យ កំហុសដែលមិនបានរំពឹងទុកក្នុងការធ្វើរោគវិនិច្ឆ័យសុខភាពដោយប្រើបច្ចេកទេសជឿនលឿនក្នុងវិស័យសុខាភិបាល។ ក្នុងរយៈពេលដ៏ខ្លីនេះ យើងក៏មានគោលបំណង ផ្តល់ជូនផ្តាច់មុខនូវគម្រោង រដ្ឋាភិបាលបែបអេឡិចត្រូនិច សេវាកម្មប៊ីធូប៊ី(B2B) និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានវិទ្យានៅប្រទេសកម្ពុជា ដើម្បីធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀតផងដែរ»។
លោកវេជ្ជបណ្ឌិត ហ្វាម ម៉ិញថុង ជាវាគ្មិនមួយរូបនៅក្នុងកម្មវិធីនេះ និងជានាយករងមន្ទីរពេទ្យ Bach Mai ដែលជាមន្ទីរពេទ្យធំជាងគេនៅប្រទេសវៀតណាមបានថ្លែងថា «គន្លឹះចម្បងក្នុងការកសាងមន្ទីរពេទ្យអាយស៊ីធី(ICT)ដ៏ទំនើបរួមមានប្រព័ន្ធព័ត៌មានមន្ទីរពេទ្យ ប្រព័ន្ធព័ត៌មានមន្ទីរពិសោធន៍ និងប្រព័ន្ធធ្វើរោគវិនិច្ឆ័យរូបភាព គឺយើងអាចភ្ជាប់មន្ទីរពេទ្យទាំងអស់ជាមួយគ្នា និងធ្វើរោគវិនិច្ឆ័យសម្រាប់អ្នកជំងឺពីចម្ងាយ ក៏ប៉ុន្តែវាតម្រូវឲ្យមានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យាដែលតឹងរឹងពេញលេញផងដែរ»៕