(ព្រះវិហារ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យមន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំបន្ថែមទៀត ធ្វើយ៉ាងណាផ្តល់សេវាសុខភាពប្រកបដោយសមធម៌ សមភាព គុណភាព ជូនដល់ប្រជាជនដោយមិនរើសអើង និងសូមឱ្យអាជ្ញាធរដែនដី ជួយគាំទ្រសហការឱ្យបានល្អ ធ្វើយ៉ាងណាឱ្យអគារមណ្ឌលសុខភាពនេះ ដំណើរការទៅដោយរលូន ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា និងទារក។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌលសុខភាពរណសិរ្យ និងអគារជម្ងឺកុមារ និងវះកាត់តូច នៃមន្ទីរពេទ្យបង្អែកជាំក្សាន្ត ស្ថិតនៅភូមិស្វាយ ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ លោកគ្រូពេទ្យ លោកតា លោកយាយ ប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបន្តថា បច្ចុប្បន្ននេះក្រសួងសុខាភិបាល បានផ្តល់នូវសំណង់ដ៏ច្រើន ជាពិសេសតាមតំបន់ទល់ដែលដាច់ស្រយ៉ាល ដែលទាំងនេះសបញ្ជាក់ឱ្យឃើញ ពីការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល ពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងតែគិតគូរដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសតំបន់ដាច់ស្រយ៉ាលទាំងនេះ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ភូមិ ក្នុងឃុំរណសិរ្យទាំងអស់ មកទទួលការថែទាំសុខភាព ពិសេសការសម្រាលកូន និងថែទាំព្យាបាល ពីអគារថ្មីទាំង២កន្លែងនេះឱ្យអស់លទ្ធភាព ព្រោះការប្រើប្រាស់សេវាសុខភាពសាធារណៈ គឺការទទួលបាននូវសេវាមួយ ដែលមានបច្ចេកទេសត្រឹមត្រូវ តាមក្បួនវេជ្ជសាស្ត្រ ជាពិសេសការថែទាំ និងផ្តល់ការសម្រាលដល់ស្ត្រីមានផ្ទៃពោះប្រកបដោយសុវត្ថិភាព។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណដល់ស្ថានទូតជប៉ុន និងសប្បុរសជនទាំងអស់ ដែលជួយឧបត្ថម្ភសាងសង់នូវអគារនៃមន្ទីរពេទ្យបង្អែកជាំក្សាន្តនេះ ដើម្បីជាហេតុផ្តល់នូវភាពងាយស្រួល ដល់មន្ត្រីសុខាភិបាលក្នុងការបំពេញការងារ ការផ្តល់សេវាជូនប្រជាជន ជាពិសេសប្រជាជនងាយស្រួលក្នុងការមកទទួលយកសេវាសាធារណៈ ដូចជាការសម្រាល និងការថែទាំព្យាបាលជម្ងឺ។
លោ គោ ស៊ុប៊ុនសឿត បានលើកឡើងដែរថា អគារមណ្ឌលសុខភាពរណសិរ្យ និងអគារជំងឺកុមារ និងវះកាត់តូចនៃមន្ទីរពេទ្យបង្អែកជាំក្សាន្ត ត្រូវបានចុះកុងត្រាសាងសង់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ដោយអគារមណ្ឌលសុខភាពរណសិរ្យ សាងសង់អស់ថវិកាចំនួន ៨,៥៩៨៥ដុល្លារ ចំណែកអគារជំងឺកុមារ និងវះកាត់តូចសាងសង់អស់ថវិកា ៨៩,២៦៥ដុល្លារ សរុបថវិកាសាងសង់ទាំងពីរអគារអស់ថវិកា ១៧៥,២៥០ដុល្លា៕