(សៀមរាប)៖ ភ្នំគូលែន ត្រូវបានគេស្រាវជ្រាវឃើញថា ធ្លាប់មានមនុស្សឡើងទៅរស់នៅតាំងពីយូរយាណាស់មកហើយ ពោលគឺមុនការបង្កើតរាជធានី «មហិន្ទ្របព៌ត» របស់ព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) តាំងពីជាង១ពាន់ឆ្នាំនោះទៅទៀត ខណៈនាពេលបច្ចុប្បន្ន ភ្នំដ៏ពិសិដ្ឋមួយនេះមានប្រជាពលរដ្ឋរស់នៅដល់ទៅជាង ៤,០០០ គ្រួសារឯណោះ។
ក្នុងពេលចុះបំពេញបេសកកម្មលើកទី៥ ឆ្ពោះទៅខេត្តសៀមរាប ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានឡើងទៅដល់ខ្នងភ្នំគូលែន និងបានជួបសម្ភាសន៍ជាមួយលោក ងិន សារុន បុគ្គលិកផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងស្ថានភាពប្រជាសាស្ត្រនៅភ្នំដ៏ធំនេះ។
ដោយយោងតាមឯកសារស្រាវជ្រាវ លោក ងិន សារុន បានអះអាងថា ប្រជាពលរដ្ឋដែលរស់នៅលើភ្នំគូលែន គឺមានតាំងមុនសម័យអង្គរមកម្លេះ ពោលគឺមុនរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ព្រះមហាក្សត្រស្ថាបនិករាជធានីមហិន្ទ្របព៌តនៅលើភ្នំនេះទៅទៀត។
លោកបានបន្តថា នៅលើភ្នំគូលែន នាពេលបច្ចុប្បន្ន ក៏មានប្រជាពលរដ្ឋរស់នៅច្រើនកុះករណាស់ដែរ គឺមានប្រមាណជាង ៤,០០០គ្រួសារ ចែកជា៩ភូមិ ក្នុងចម្កោមឃុំតែមួយ គឺឃុំខ្នងភ្នំ ក្នុងនោះភូមិព្រះអង្គធំមានប្រជាពលរដ្ឋរស់នៅច្រើនជាងភូមិដទៃ។
បើតាមលោកពូ ឌុក ឌឿម ពលរដ្ឋអ្នកភូមិអន្លង់ធំ បានរៀបរាប់ដែរថា នៅលើភ្នំគូលែននេះក៏មានភូមិចាស់មួយ ដែលត្រូវគេបោះបង់ចោលតាំងពីយូរមកហើយ ហើយកាលណោះ មិនទាន់កើតមានភូមិព្រះអង្គរធំនៅឡើយទេ ដោយសារកាលពីជំនាន់នោះ ធ្លាប់មានក្រុមចោរចូលប្លន់ញឹកញាប់ ជាហេតុបង្ខំឱ្យប្រជាពលរដ្ឋរុះរើផ្លាស់ប្ដូរលំនៅដ្ឋាន មកនៅផ្ដុំជុំគ្នានៅត្រង់ចំណុចភូមិព្រះអង្គធំសព្វថ្ងៃ។ តាំងពីពេលនោះមក ភូមិព្រះអង្គធំ ក៏ក្លាយជាភូមិធំជាងគេ មានប្រជាពលរដ្ឋរស់នៅច្រើនជាងគេ និងយូរជាងគេផងដែរ រីឯភូមិចាស់ដែលត្រូវគេបោះបង់ចោលនោះ ក៏សល់តែស្នាកស្នាមឈឺចាប់ពីការឆក់ប្លន់របស់ក្រុមចោរ ហើយត្រូវបាំងបិទដោយព្រៃព្រឹក្សាតាមកាលវេលាតរៀងមក។
លោក ងិន សារុន បានឱ្យដឹងទៀតថា បច្ចុប្បន្ន ប្រជាពលរដ្ឋ ក៏ដូចជាសហគមន់ដែលរស់នៅលើភ្នំគូលែន រកទទួលទានដោយការប្រកបការងារលក់ និងផ្ដល់សេវាកម្មជូនភ្ញៀវទេសចរ ដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វសម្រាប់លក់ជូនភ្ញៀវទេសចរ ដាំប្រទាល រកថ្នាំ និងធ្វើស្រែបន្តិចបន្តួចជាដើម។
សូមជម្រាបថា ភ្នំគូលែន ជាជួរភ្នំដ៏ពិសេសមួយលាតសន្ធឹងលើផ្ទៃដីប្រមាណ ៤០គីឡូម៉ែត្រ ពីទិសពាយ័ព្យទៅទិសអាគ្នេយ៍ គ្របដណ្ដប់លើស្រុកចំនួនពីរ គឺស្រុកស្វាយលើ និងស្រុកវ៉ារិន នៃខេត្តសៀមរាប។ មានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីក្រុងសៀមរាប និងប្រមាណ ២៥គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រី។
ភ្នំដ៏ពិសិដ្ឋនេះ ជាអតីតរាជធានីមហិន្រ្ទបព៌តរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលនៅទីនោះព្រះអង្គបានប្រារព្ធព្រះរាជពិធី «ទេវរាជ» ដើម្បីអភិសេកព្រះអង្គទៅជាស្ដេចអាទិទេព។ នៅបុរាណដ្ឋាននេះហើយ ដែលព្រះបាទជ័យវរ្ម័នទី២ ប្រកាសឯករាជ្យរបស់អាណាចក្រខ្មែរ ពីអំណាចត្រួតត្រារបស់ចក្រភពស្រីវិជ័យរបស់ពួកជ្វា នាអំលុងគ្រិស្តសករាជ ឆ្នាំ៨០២ ពោលគឺជាពេលបើកទំព័រនៃចក្រភពអង្គរ៕