(ភ្នំពេញ)៖ ដើម្បីសម្រេចផែនការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ គណៈកម្មការរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងលោក ប៊ុន ឡុង ប្រធានការិយាល័យភូមិបាលខណ្ឌ បានបន្តចុះវាស់វែងចាក់ដីឈូសឆាយ ដើម្បីបើកផ្លូវសាធារណៈទាំងអស់ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ និងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦។
បើតាមការបញ្ជាក់របស់លោក ប្រាជ្ញ សីហា និងលោក ប៊ុន ឡុង ដែលជាអ្នកដឹកនាំអនុវត្តផ្ទាល់ តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺក្រៅពីការងារចុះវាស់វែងចាក់ដីឈូសឆាយ ក្នុងការបើកផ្លូវសាធារណៈទាំងអស់ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដែលសម្រេចធ្វើឡើងរយៈពេលជិត២អាទិត្យមកហើយនេះ គឺគោលបំណងសំដៅស្វែងរកដកហូតយកដីសាធារណៈរបស់រដ្ឋមកគ្រប់គ្រងវិញ ដើម្បីសម្រេចតាមផែនការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា របស់សាលារាជធានីភ្នំពេញ។
សូមជម្រាបថា លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រាបជូនដំណឹង ដល់សាធារណៈជនទាំងអស់ ពិសេសម្ចាស់ក្បាលដីដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ មេត្តាជ្រាបថា ក្រោយទទួលបានការដឹកនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ តាមស្មារតីអង្គប្រជុំនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅ រដ្ឋបាលខណ្ឌ បានរៀបចំផែនការចុះវាស់វែង បើកផ្លូវសាធារណៈទាំងអស់ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ និងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦។
លើសពីនេះ រដ្ឋបាលខណ្ឌ សូមឲ្យប្រជាពលរដ្ឋដែលមានក្បាលដីពាក់ព័ន្ធ មេត្តាចូលរួមសហការជាមួយក្រុមការងារ ក្នុងការបើកផ្លូវសាធារណៈនេះ ឲ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដោយឡែកចំពោះរូបវន្តបុគ្គលណា ដែលកំពុងកាន់កាប់ដីផ្លូវសាធារណៈរបស់រដ្ឋទាំងបំពានច្បាប់ សូមប្រគល់ដីផ្លូវនោះជូនរដ្ឋវិញដោយការស្ម័គ្រចិត្ត និងប្រកបដោយការទទួលខុសត្រូវតាមផ្លូវច្បាប់៕