(ញូដេលី)៖ ការចូលរួមប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព និងប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រត្រឹមត្រូវ ដើម្បីឆ្ពោះទៅរកសុខភាពជាសាកល និងពង្រឹងការផ្តល់សេវាសុខាភិបាល ប្រកបដោយប្រសិទ្ធិភាពខ្ពស់ នៅតំបន់អាស៊ី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំអន្តរជាតិ ស្តីអំពី «Asia Health 2019» នៅទីក្រុងញូដេលី (New Delhi) ប្រទេសឥណ្ឌា។
កិច្ចប្រជុំនេះ មានអ្នកចូលរួមជាថ្នាក់ដឹកនាំ មន្ត្រីជំនាញ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវវិទ្យាសាស្ត្រសុខភាព ក្រុមហ៊ុនឱសថ និងបរិក្ខាពេទ្យ មន្ទីរពេទ្យឯកជននៅឥណ្ឌា និងធុរកិច្ចឯកជនអន្តរជាតិផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ សរុបចំនួនប្រមាណ១៧០នាក់។
ក្នុងពេលស្នាក់នៅ និងបំពេញបេសកកម្មដែលមានរយៈពេលពីថ្ងៃទី១៦ ដល់ទី១៩ ខែតុលា ឆ្នាំ២០១៩ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលនូវការស្នើសុំពីអង្គប្រជុំផ្តល់ជាកិត្តិយសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងពិធីបើកកិច្ចប្រជុំ «ASIA Health 2019» រួមជាមួយលោកវេជ្ជបណ្ឌិត ហាស វ៉ាដហាន់ (H.E. Dr. Harsh Vardhan, Honorable Minister of Health and Family Welfare) រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសុខមាលភាពគ្រួសារ នៃសាធារណ:រដ្ឋឥណ្ឌា ។
ក្នុងសន្ទរកថាដ៏មានខ្លឹមសារនេះ លោកស្រីបានលើកឡើងពីការរយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើសុខភាពប្រជាជនកម្ពុជាទូទៅ និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដោយមិនអាចបំភ្លេចបានជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការសង្គ្រោះ និងកសាងប្រទេសកម្ពុជា ជាពិសេសការជួយគាំទ្ររបស់សម្តេច លើការកសាងវិស័យសុខាភិបាលតាំងពីបាតដៃទទេ ព្រមទាំងការរក្សាបាននូវសុខសន្តិភាព ស្ថេរភាព នយោបាយ និងការអភិវឌ្ឍន៌ប្រទេសបានរីកចម្រើន ដូចសព្វថ្ងៃនេះ។
លោកស្រីបានលើកពីកិច្ចខិតខំប្រឹងប្រែង ក្នុងវិស័យសុខាភិបាល ក្នុងការអភិវឌ្ឍហិដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្តល់សេវាសុខភាព ជូនប្រជាជនកម្ពុជា កិច្ចខិតខំប្រយុទ្ធនឹងជំងឺឆ្លង ផងនិងឆ្លើយតបបញ្ហាជំងឺមិនឆ្លងផង ព្រមទាំងការអនុវត្តន៌គោលនយោបាយគាំពារសុខភាពសង្គម ឈ្ពោះទៅរកសុខភាពជាសាកល និងបានស្នើសុំឲ្យមានកិច្ចសហការ-សហប្រតិបត្តិការបន្ថែមទៀត ពីក្រសួងសុខាភិបាលឥណ្ឌា និងពីដៃគូសុខាភិបាលទាំងរដ្ឋ និងឯកជន នៅឥណ្ឌានេះ លើផ្នែកបច្ចេកវិទ្យាពេទ្យ ព្រមទាំងការបណ្តុះបណ្តាល សម្រាប់ការអភិវឌ្ឍធនធានមនុស្ស លើបច្ចេកវិទ្យាពិនិត្យ និងព្យាបាលជំងឺផងដែរ។
ទន្ទឹមនឹងនោះ លោកស្រីរដ្ឋលេខាធិការ បានជម្រាបជូនអង្គប្រជុំបន្ថែមថា គំនិតផ្តួចផ្តើមដ៏របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា លើការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដែលសម្តេចបានថ្លែងសន្ទរកថា បើកកិច្ចប្រជុំថ្នាក់មហាអនុតំបន់ទន្លេមេគង្គ នាខែវិឆ្ឆិកា ឆ្នាំ២០១៨កន្លងទៅ បានក្លាយទៅជាប្រធានបទ វិប្បស្សនានៃកិច្ចប្រជុំលើកទី១៤ រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន នាខែសីហា ឆ្នាំ២០១៩ ហើយរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១០ បានគាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោទាំងស្រុង ដោយបានឯកភាពគ្នាចេញសេចក្តីប្រកាសរួម និងបានដាក់បញ្ចូលប្រធានបទ ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ក្នុងសេចក្តីប្រកាសរួមនេះ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពក្នុងតំបន់ និងក្នុងប្រទេស ។
លោកស្រីរដ្ឋលេខាធិការបានជម្រាប និងស្វាគមន៍ដល់ភ្ញៀវអន្តជាតិទាំងអស់ អញ្ជើញចូលរួមវេទិកាអន្តរជាតិអាស៊ី-អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព នៅពាក់កណ្តាលឆ្នាំ២០២០ នៅខេត្តសៀមរាប ដែលលទ្ធផលបានពីវេទិកាដ៏មានសារសំខាន់នេះ នឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (13th ASIA-Europe Summit) ដែលនឹងត្រូវរៀបចំដឹកនាំកិច្ចប្រជុំ ដោយសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នាឆ្នាំ២០២០ខាងមុខនេះ។
លើសពីនេះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវឲ្យមានការខិតខំរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដើម្បីឆ្ពោះទៅរកសុខភាពជាសាកល និងពង្រឹងការផ្តល់សេវាប្រកបដោយប្រសិទ្ធិភាព នៅតំបន់អាស៊ីយើងនេះ ជាពិសេសសុំឲ្យមានការចូលរួមយ៉ាងសកម្ម ពីវិស័យឯកជន ដែលធ្វើធុរកិច្ចផ្នែកឱសថ និងសម្ភារ:បរិក្ខារពេទ្យនៃប្រទេសឥណ្ឌា លើកិច្ចការដ៏សំខាន់នេះផងដែរ៕