(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាលាជាតិកសិកម្មព្រែកលៀប និងស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន រៀបចំ «វេទិកាកសិឧស្សាហកម្មសតវត្សទី២១ ក្រោមប្រធានបទ៖ កសិករវ័យឆ្លាត និងអនាគតកម្ពុជា»។
ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ដោយមានវាគ្មិនចូលរួមជាថ្នាក់ដឹកនាំ, អ្នកធ្វើគោលនយោបាយ, អ្នកស្រាវជ្រាវ, អ្នកវិទ្យាសាស្ត្រ និងសហគ្រិនជោគជ័យក្នុងវិស័យនេះ ដើម្បីពិភាក្សា និងចែករម្លែកនូវទស្សនទាន និងបទពិសោធជាក់ស្តែងជូនដល់អ្នកចូលរួម ជាពិសេសសហគ្រិនវ័យក្មេង និងយុវជនបានយល់ដឹងកាន់តែច្បាស់ អំពីចក្ខុវិស័យការអភិវឌ្ឍកសិឧស្សាហកម្ម បញ្ហាប្រឈម ការរៀបចំគោលនយោបាយ ការផ្គូរផ្គងតម្រូវការនិងការផ្គត់ផ្គង់ជំនាញក្នុងវិស័យកសិកម្ម និងគំនិតផ្តួចផ្តើមធ្វើសមាហរណកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាហារ។
លោកបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានថ្លែងថា ការជួបជុំគ្នាក្នុងព្រឹត្តិការណ៍នេះ ត្រូវបាននិយាយចំទៅលើវិស័យកសិកម្ម បានន័យថា កសិករវ័យឆ្លាត នៅអនាគតរបស់កម្ពុជាយើង។ លោកបន្តថា ប្រជាជនកម្ពុជាគ្រប់រូប សុទ្ធតែអាចរួមចំណែក ក្នុងការធ្វើឲ្យប្រទេសជាតិយើង មានការរីកចម្រើនផ្នែកវិស័យកសិកម្ម ដោយស្របនឹងប្រធានបទ «វេទិកាកសិឧស្សាហកម្មសតវត្សទី២១ ក្រោមប្រធានបទ៖ កសិករវ័យឆ្លាត និងអនាគតកម្ពុជា»។
លោកបណ្ឌិត អ៊ុម រម្យណី បានបញ្ជាក់ថា «មិនមែនបានន័យថា និស្សិតមានជំនាញផ្សេៗខុសពីវិស័យកសិកម្មនេះ មិនអាចស្តាប់បាន ហើយមិនត្រូវនឹងជំនាញនោះទេ។ សូមក្មួយចងចាំ ឲ្យច្បាស់ថា ទាំងអស់គ្នា ទាំងអ្នកធ្វើជំនួញ ទាំងអ្នកបច្ចេកទេស ទាំងពេទ្យ ទាំងអ្នកកសិកម្មទាំងអស់ហ្នឹង គឺសុទ្ធតែជាអ្នកចូលរួមចំណែក»។
សូមបញ្ជាក់ថាថ វេទិកាដែលបានប្រព្រឹត្តិទៅអស់រយៈពេលមួយរសៀលនេះ វាគ្មិនកិត្តិយសទាំងអស់បានកត់សម្គាល់ឃើញថា វិស័យកសិកម្មមិនគ្រាន់តែជាផ្នែកមួយ នៃការផ្គត់ផ្គង់សន្តិសុខស្បៀងតែប៉ុណ្ណោះទេ ប៉ុន្តែជាវិស័យដ៏មានសក្តានុពលមួយ ដែលត្រូវមានការវិវឌ្ឍលើខឿនបច្ចេកវិទ្យាថ្មី ដែលអាចជាឆ្អឹងខ្នងទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ចប្រកប ដោយនិរន្តរភាព បរិយាប័ន្ន និងមានឧត្តមានុភាពប្រកួត។
អង្គពិធីទាំងមូលបានពិភាក្សាផ្លាស់ប្តូរយោបល់នានា ទាក់ទិនទស្សនាទានសំខាន់ៗ និងការអនុវត្តជាក់ស្តែង ដែលបានផ្តល់នូវចក្ខុវិស័យ និងធាតុចូលសម្រាប់ជម្រើសគោលនយោបាយ ជាអាទិភាពមួយចំនួន ដើម្បីចូលរួមជំរុញនាវាកម្ពុជាឆ្ពោះទៅជាប្រទេសសេដ្ឋកិច្ចឌីជីថល ដែលក្នុងនោះបានផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ (១). សក្តានុពលវិស័យកសិកម្ម និងកសិឧស្សាហកម្ម៖ ការវិវឌ្ឍ បញ្ហាប្រឈម និងឱកាស, (២). បរិការណ៍រួមនៃការអភិវឌ្ឍន៍កសិឧស្សាហកម្ម៖ កសិកម្មតាមកិច្ចសន្យា សុវត្ថិភាពម្ហូបអាហារ និងសង្វាក់ផលិតកម្ម, (៣). បទពិសោធន៍នៃការផលិតកម្មបសុសត្វនៅកម្ពុជា, និង(៤). សមាហរណកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងផលិតភាពម្ហូបអាហារ និងការផ្គត់ផ្គង់។
វេទិកានេះ បានផ្តល់ជាឱកាសដ៏ល្អសម្រាប់អ្នកធ្វើគោលនយោបាយ អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ សាកវិទ្យាល័យ និងពាណិជ្ជករ បានពិគ្រោះយោបល់គ្នា និងចែករំលែកបទពិសោធន៍ជុំវិញការវិវឌ្ឍ បញ្ហាប្រឈម និងឱកាសនៃវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅកម្ពុជា ក៏ដូចជាមាគ៌ារបស់កម្ពុជាក្នុងយុគសម័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដែលជាស្នូលសម្រាប់ការអភិវឌ្ឍប្រទេស នៅក្នុងបរិការណ៍នៃការប្រែប្រួលថ្មីរបស់ពិភពលោក និងកាវិវឌ្ឍក្នុងតំបន់។ ជាងនេះទៅទៀត វេទិកានេះក៏បានផ្តល់ឱកាសដ៏វិសេសវិសាលដល់យុវជន ក្នុងការទទួលបាននូវព័ត៌មានថ្មីៗបំផុត អំពីតម្រូវការជំនាញក្នុងវិស័យកសិឧស្សាហកម្ម ការបណ្តុះផ្នត់គំនិត និងការធ្វើទំនើបកម្មវិស័យនេះ សំដៅរួមគ្នាបង្កើតនវានុវត្តន៍ ផលិតភាពនិងភាពប្រកួតប្រជែងសេដ្ឋកិច្ច ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងសេដ្ឋកិច្ចឌីជីថល។
ជារួមកម្ពុជាបាននិងកំពុងធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម ដោយផ្តោតទៅលើការធ្វើ ពិពិធកម្មដំណាំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រផលិតកម្មកសិកម្ម យន្តូបនីយកម្មនៅក្នុងប្រព័ន្ធ ខ្សែច្រវាក់ផលិតកម្ម ប្រកបដោយភាពប្រកួតប្រជែង ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការពង្រឹងសមត្ថភាពនៃសេវាកម្ម ការផ្ទេរបច្ចេកទេសកសិកម្មទំនើប ការលើកកម្ពស់ការអភិវឌ្ឍ និងពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដើម្បីធានាស្ថិរភាព នៃការផ្គត់ផ្គង់ផលិតផលកសិកម្មទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស ការអនុវត្តផលិតកម្ម កសិកម្ម តាមកិច្ចសន្យាក្នុងគោលដៅបង្កើន សហគ្រិនភាព និងមានលក្ខណៈជាអាជីពក្នុងអាជីវកម្មកសិកម្ម។ ជាមួយគ្នានេះ ក៏បាននិងលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ព្រមទាំងបច្ចេកទេសប្រតិបត្តិនៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ ផលិតកម្មកសិកម្ម ដែលឆ្លើយតបចំពោះឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ និងនិន្នាការប្រែប្រួលរបស់អន្តរជាតិ៕