(ស៊ែប៊ី)៖ លោក សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានថ្លែងសុន្ទរកថា ជម្រាបជូនអង្គមហាសន្និបាតសហភាពអន្តរសភាលើកទី ១៤១ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគោរពច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគី។
មកទល់ពេលនេះ កម្ពុជាបាននិងកំពុងបន្តកិច្ចសហការជាមួយស្ថាប័ន និងសហគមន៍អន្តរជាតិទាំងអស់។ ជាមួយគ្នានេះផងដែរ កម្ពុជាជាសមាជិកយ៉ាងសកម្មនៃគំនិតផ្តួចផ្តើមជាសកល និងតំបន់ជាច្រើន។ ជាក់ស្តែង នាពេលនេះ លោក សុខ សូកាន បានចែករំលែកនូវសមិទ្ធផល ៣ គួរឱ្យកត់សម្គាល់ទៅកាន់អង្គមហាសន្និបាទ មានជាអាទិ៍៖
១៖ អង្គការសហប្រជាជាតិ និងប្រទេសកម្ពុជាបានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ នៅឆ្នាំ ២០០៣ ដើម្បីបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(ECCC) ។ ECCC ជាតុលាការកូនកាត់ស្តង់ដារអន្តរជាតិនៅកម្ពុជាដែលដើរតួជាតុលាការគំរូដែលអនុញ្ញាតឱ្យមានការចូលរួមពីអន្តរជាតិក្នុងការបង្កើតការជំនុំជម្រះក្តីដើម្បីកាត់ទោសមេដឹកនាំកំពូលនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនកម្ពុជារាប់លាននាក់ ឬជិតមួយភាគបីនៃប្រជាជនទាំងមូល។
២៖ ចាប់តាំងពីឆ្នាំ ២០០៦ មក បុគ្គលិកកងកំលាំងមួកខៀវកម្ពុជាចំនួន ៦៣០០ នាក់បានចូលរួមក្នុងកិច្ចប្រឹងប្រែងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានដាក់ពង្រាយនៅ ៨ ប្រទេសក្នុងទ្វីបអាហ្វ្រិក។
៣៖ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ កម្ពុជាមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ។ កម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ដោយត្រូវបានតែងតាំងជាប្រធាននៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី ៣៧ ក្នុងឆ្នាំ ២០១៣ និងការចុះបញ្ជីឧទ្យានបុរាណវិទ្យាអង្គរ និងប្រាសាទព្រះវិហារក្នុងឆ្នាំ ១៩៩២ និង ២០០៨ ទៅក្នុងបញ្ជីតំបន់បេតិកភណ្ឌពិភព ។ បន្ទាប់មកទៀត គឺការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដែលមានបារាំងនិងជប៉ុន ចិននិងឥណ្ឌា ធ្វើជាសហប្រធាន ដែលនេះជាវេទិកាបំផុសគំនិត និងបានឆ្លុះបញ្ចាំងពីការដើរតួជាគំរូនៃសាមគ្គីភាព និងសហប្រតិបត្តិការអន្តរជាតិ៕