(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវឱ្យតុលាការខេត្តស្ទឹងត្រែង ប្រើប្រាស់ច្បាប់ស្តីពី «របបសាព័ត៌មាន» ជាអាទិភាព ចំពោះបណ្តឹងលោកតំណាងរាស្រ្ត ប៊ូ ឡាំ ទៅលើអ្នកយកព័ត៌មាន ទូរទស្សន៍ PNN ពាក់ព័ន្ធករណីវិវាទដីធ្លីនៅខេត្តរតនគិរី។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានអះអាងថា ខ្លួនបានស្រាវជ្រាវ ពិនិត្យ មើលឡើងវិញខ្លឹមសារការផ្សាយរបស់ទូរទស្សន៍ PNN អំពីករណីវិវាទដីធ្លីនៅខេត្តរតនគិរី ដោយមានរូបភាពទីតាំងដីជាក់ស្តែង និងមានការសម្ភាសន៍ប្រភពផ្តល់ព័ត៌មាន។

ករណីនេះ លោក ប៊ូ ឡាំ បានទាមទារឱ្យទូរទស្សន៍ PNN ធ្វើការកែតម្រូវផ្សាយជាប់ៗគ្នា៧ថ្ងៃ និង តម្រូវឲ្យត្រូវតែយកទៅផ្សាយនៅគ្រប់បណ្តាញទូរទស្សន៍ទាំងអស់នៅកម្ពុជា ឬប្រសិនបើទូរទស្សន៍ PNN មិនធ្វើតាមការទាមទារនេះ លោក ប៊ូ ឡាំ ទាមទារសំណងតាមបែបប្រពៃណី គឺឲ្យសង «ក្របី១៦ជើង» មានតម្លៃជាប្រាក់ស្មើ១៦ម៉ឺនដុល្លារ។

ស.ស.ស.ក បានអះអាងថា ករណីនេះ លោកតំណាងរាស្ត្រ ប៊ូ ឡាំ ធ្លាប់បានប្តឹងបុគ្គលិកទូរទស្សន៍ PNN ទៅកាន់តុលាការខេត្តរតនគិរី ក៏ប៉ុន្តែ ត្រូវតុលាការសាលាដំបូងខេត្តរតនគិរី បដិសេធទុកមិនចាត់ការ។ ចំណែក សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ទទួលបានរបាយការណ៍ថា បន្ទាប់ពីការផ្សាយរបស់ទូរទស្សន៍ PNN គឺដីមានទំនាស់ប្រមាណ១០០ហិចតានោះ ត្រូវបានអាជ្ញាធរដឹងឮ និងមានវិធានការដោះស្រាយចប់សព្វគ្រប់ ប្រគល់បែងចែកជូនប្រជាជនរួចរាល់ហើយ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានតាមដានការចូលបំភ្លឺរបស់ លោក ឡន វណ្ណា បុគ្គលិកទូរទស្សន៍ PNN នៅចំពោះមុខក្រឡាបញ្ជីតុលាការសាលាដំបូងខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។ យោងតាមអង្គហេតុ និងដំណើររឿងខាងលើ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា៖

ទី១៖ ទូរទស្សន៍ PNN បានផ្សាយអំពីករណីជម្លោះដីធ្លីនៅខេត្តរតនគិរី បានត្រឹមត្រូវតាមទម្រង់របបសារព័ត៌មាន ដោយទូរទស្សន៍បានចុះដល់ទីតាំងកើតហេតុ មានយោងប្រភព ឯកសារ និង ធ្វើបទសម្ភាសន៍។ ចំពោះការដកស្រង់សម្តី លោកអភិបាលស្រុក រៀបរាប់ដំណើររឿងនៃវិវាទដីធ្លី ហើយបានលើកភ្ជាប់ថា មានពាក់ព័ន្ធជាមួយតំណាងរាស្ត្រ ប៊ូ ឡាំ ក៏ទូរទស្សន៍ PNN បានផ្សាយកែតម្រូវតាមលោកតំណាងរាស្ត្រ ប៊ូ ឡាំ ដែលបានចេញមុខមកបដិសេធថា៖ មិនជាប់ពាក់ព័ន្ធបញ្ហាវិវាទដីធ្លីនោះរួចហើយដែរ។

ទី២៖ យោងតាមច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ បើអង្គភាពកាសែត ឬទូរទស្សន៍ផ្សាយខុសដោយភាន់ច្រឡំ ដោយអចេតនា ឬខ្វះចន្លោះ គឺត្រូវផ្សាយកែតម្រូវ បំភ្លឺ នៅកាសែត ឬទូរទស្សន៍របស់ខ្លួនឡើងវិញ។ គ្មានភាពតម្រូវ និងក៏គ្មានភាពសមហេតុសមផលណាមួយ ដែលតម្រូវឲ្យអង្គភាពនោះ ផ្សាយកែតម្រូវ៧ថ្ងៃ នៅគ្រប់ទូរទស្សន៍នៅកម្ពុជានោះទេ។ ចំពោះគោលការណ៍ទាមទារសំណង ១៦ម៉ឺនដុល្លារ គឺជាការទាមទាររបស់ភាគីដើមបណ្តឹង ក៏ប៉ុន្តែ ការសម្រេច គឺអាស្រ័យលើចៅក្រម ហើយតាមច្បាប់ការផ្តល់សំណងជំងឺចិត្តក៏មិនធំពេកហួសប្រមាណដូច្នេះឡើយ។

ទី៣៖ ចំណាត់ការតុលាការសាលាដំបូងខេត្តស្ទឹងត្រែង លើករណីទូរទស្សន៍ PNN ជាមួយនឹងភាគី លោក ប៊ូ ឡាំ ជានីតិវិធីត្រឹមត្រូវតាមទម្រង់ច្បាប់។ ប៉ុន្តែ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមសំណូមពរឲ្យតុលាការពិចារណាក្នុងករណីនេះ ប្រើប្រាស់ច្បាប់ស្តីពី «របបសាព័ត៌មាន»។

ទី៤៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា ពិតជានៅមានខ្វះការយល់ដឹងអំពីច្បាប់ ស្តីពីរបបសារព័ត៌មាន ហើយគោរពស្នើសុំឲ្យតុលាការពិចារណាយកច្បាប់នេះជាគោលនៅក្នុង ដំណើរការនីតិវិធីលើករណីនេះ រួមទាំងពន្យល់ភាគីវិភាទឲ្យបានយល់ពីមូលដ្ឋានច្បាប់នេះ ដើម្បីអាចឈានដល់ការសម្រុះសម្រួល ផ្សះផ្សា សះជា ទម្លាក់ចោលការចោទប្រកាន់ និងរំលត់ក្តី។ នៅត្រង់ជំពូកទី៥ មាត្រា២០ នៃ ច្បាប់ស្តីពីរបបសារព័ត៌មាន បានចែងថា៖ «ទោះជាយ៉ាងណាក៏ដោយ ក៏គ្មានជនណាម្នាក់ត្រូវចាប់ចង ឬជាប់ពន្ធនាគារដោយសារការបញ្ចេញមតិឡើយ»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សម្តែងក្តីសង្ឃឹមថា៖ គូភាគីនឹងបង្ហាញមនោសញ្ចេតនាអធ្យាស្រ័យ ស្រុះស្រួល និងសះជាគ្នា ហើយតុលាការនឹងតម្កល់រឿងក្តីនេះទុកមិនចាត់ការ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ ស.ស.ស.ក៖