(ភ្នំពេញ)៖ លោក ឈឹម សារ៉េត អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកខ្សាច់កណ្តាល តំណាងលោក អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកណ្តាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ បានចុះដោះស្រាយកង្វល់ បញ្ហាប្រឈម និងការលំបាកប្រចាំថ្ងៃមួយចំនួន ជូនពលរដ្ឋនៅឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដោយមានប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ សរុបចំនួន ៤៤៤នាក់។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំបាក់ដាវត្រូវបានរៀបចំឡើង ដើម្បីឱ្យប្រជាពលរដ្ឋបានលើកឡើងនូវកង្វល់ បញ្ហាប្រឈម និងការលំបាកបាននិងកំពុងជួបប្រទះ ដែលក្នុងនោះមានពាក់ព័ន្ធនឹង ការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម (មានដូចជា៖ ផ្លូវក្រោយភូមិ លូ ស្ពាន), ការរៀបចំប្រព័ន្ធទឹក (មានដូចជា៖ ការបង្ហូរទឹក ការជីកប្រឡាយបន្ថែម ការលុបប្រឡាយ), ការលេងល្បែងស៉ីសងនៅមានបន្តិចបន្តួចតាមភូមិ, ការប្រើប្រាស់គ្រឿងញៀននៅមានបន្តិចបន្តួច, តម្លៃទឹកស្អាត, កង្វះអ្នកប្រចាំការនៅមណ្ឌលសុខភាពឃុំ, កង្វះខាតអាវប្រជាការពារ និងកង្វះខាតវិទ្យុទាក់ទង។
បញ្ហាប្រឈម និងការលំបាកទាំងអស់ ត្រូវបានតំណាងការិយាល័យជំនាញ ជុំវិញស្រុកខ្សាច់កណ្តាល និងអាជ្ញាធរឃុំស្រាយបំភ្លឺ ជូនប្រជាពលរដ្ឋគ្រប់ចំណុច និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកំពង់ចំលង និងឃុំបាក់ដាវ បានដោះស្រាយជូនប្រជាពលរដ្ឋដូចតទៅ៖ ធ្វើលូចំនួន ៧កង់, គ្រោងធ្វើផ្លូវមួយចំនួន ដែលមានការពិបាកខ្លាំងសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ, ជូនអាវប្រជាការពារចំនួន ៦៤កំប្លេរ, ជូនវិទ្យុទាក់ទងចំនួន ៦គ្រឿង, គ្រោងចុះត្រួតពិនិត្យលើបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធបង្ហូរទឹក ល្បែងស៉ីសង និងគ្រឿងញៀនជាដើម។
ឆ្លៀតក្នុងឱកាសនេះ លោក ឈឹម សារ៉េត បានធ្វើការណែនាំ និងផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
១៖ ត្រូវសហការ និងរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បើមានបញ្ហាពាក់ព័ន្ធនឹងសេវាសាធារណៈ ដើម្បីអាជ្ញាធរ អាចមានចំណាត់ការ និងដំណោះស្រាយទាន់ពេលវេលា
២៖ ព្រមទាំងបានឆើ្លយតប និងដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនទៀត៕