(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានសហការជាមួយការិយាល័យភូគព្ភសាស្ត្រ ស្វែងរុករក និងអាជីវកម្មរ៉ែនៃខេត្តគ័ងស៊ី សាធារណរដ្ឋប្រជាមានិតចិន បានរៀបចំកម្មវិធីពិធីប្រគល់ទទួល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិនៃកម្ពុជា ដែលជាមន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិ ប្រវត្តិសាស្រ្តនៅកម្ពុជា ក្នុងវិស័យរ៉ែក្រោមជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធីសម្ពោធជាផ្លូវការនេះធ្វើឡើង ក្រោមការចូលរួមពីលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក Wang Wentian ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជានៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។
មន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិនៃកម្ពុជា មានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ។ មន្ទីរពិសោធន៍ភូគព្ភសាស្រ្តជាតិនៃកម្ពុជា អាចជួយដល់អង្គភាពពាក់ព័ន្ធ ក្នុងការសិក្សាពីសក្ដានុពលធនធានរ៉ែ ក្នុងទូទាំងប្រទេសកម្ពុជាផងដែរ។
មន្ទីរពិសោធន៍ភូគព្ភសាស្រ្តជាតិនៃកម្ពុជា ជាផ្លែផ្កានៃអនុស្សរណៈយោគយល់គ្នាស្តីពី សហប្រតិបត្តិការវិស័យភូគព្ភសាស្ត្រ និងធនធានរ៉ែ រវាងក្រសួងរ៉ែ និងថាមពលនៃកម្ពុជា និងក្រសួងដែនដី និងធនធាននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១កន្លងទៅ។
ដើម្បីជំរុញដំណើរការនៃគម្រោងនេះ ក្រសួងដែនដី និងធនធាននៃប្រទេសចិន បានប្រគល់ភារកិច្ច ដល់ការិយាល័យភូគព្ភសាស្ត្រ ស្វែងរុករក និងអាជីវកម្មរ៉ែនៃខេត្តគ័ងស៊ី ដើម្បីពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គម្រោងសាងសង់មន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិនៃកម្ពុជា ជាមួយនឹងអគ្គនាយកដ្ឋានធនធានរ៉ែនៃ ក្រសួងរ៉ែ និងថាមពល ដែលនៅក្រោមកិច្ចព្រមព្រៀងនេះ ភាគីចិនទទួលបន្ទុករាល់ការចំណាយ លើការសាងសង់អគារមន្ទីរពិសោធន៍ និងបំពាក់សម្ភារៈបរិក្ខារវិភាគ រៀបចំប្រព័ន្ធធានាគុណភាពវិភាគ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនទៀត ព្រមទាំងបណ្តុះបណ្តាលជំនាញវិភាគដល់មន្ត្រីកម្ពុជា។
ដោយឡែកភាគីកម្ពុជាមានភារកិច្ចផ្តល់ទីតាំង ដែលមានទំហំយ៉ាងតិច១៤,០០០ម៉ែត្រក្រឡា សម្រាប់ការសាងសង់មន្ទីរពិសោធន៍ ដែលមានទីតាំងស្ថិននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងជួយសម្រួលលើការងាររដ្ឋបាលច្បាប់ និងទំនាក់ទំនងអាជ្ញាធរមូលដ្ឋាន។
មន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិនៃកម្ពុជានេះ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ សាងសង់ប្រមាណ២ឆ្នាំដោយក្រុមហ៊ុន Guangxi Geology and Mining Construction Group Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះមានអគារចំនួន៤រួមមាន៖
១៖ អគារបន្ទប់ពិសោធន៍មានបណ្តោយ ៦៤.៨០ ម៉ែត្រ ទទឹង១២.៧០ម៉ែត្រ, កំពស់១៥.៩០ម៉ែត្រ, មាន៤ជាន់ចែកចេញជា៤០បន្ទប់។
២៖ បន្ទប់អគារស្នាក់នៅមានបណ្តោយ២៩.១០ម៉ែត្រ, ទទឹង៧.៤០ម៉ែត្រ, កំពស់៨.១០ម៉ែត្រមាន២ជាន់ ចែកចេញជា១១បន្ទប់។
៣៖ អគារសម្រាប់កិនបំបែកថ្មបណ្តោយ២៣ម៉ែត្រ, ទទឹង៦.៦០ម៉ែត្រ, កំពស់៦ម៉ែត្រ មាន១ជាន់ចែកចេញជា ៣បន្ទប់។
៤៖ អគារឃ្លាំងជាអគារសម្រាប់ដាក់សំណាកគំរូរ៉ែ មានមានបណ្តោយ២០.២០ ម៉ែត្រ, ទទឹង៤.៦០ម៉ែត្រ កំពស់៦ម៉ែត្រ, មានមួយជាន់ចែកចេញជា២បន្ទប់ រួមនឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័សំខាន់ៗដទៃទៀតដូចជា៖ របង ក្លោងទ្វា ផ្លូវ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក និងប្រព័ន្ធលូបង្ហូរទឹក។
ការដាក់ឲ្យដំណើរការ មន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិនៃកម្ពុជា ជាកាលានុវត្តភាពថ្មីមួយ សម្រាប់កម្ពុជាក្នុងវិស័យរ៉ែ ដែលធ្វើឲ្យមន្ត្រីរាជការនៃក្រសួងរ៉ែ និងថាមពលអាចពង្រឹង និងពង្រីកចំណេះដឹងបន្ថែម ក្នុងក្របខណ្ឌវិជ្ជាជីវៈជាអ្នកបច្ចេកទេស ក្នុងមន្ទីរពិសោធន៍ភូគព្ភសាស្ត្រ ហើយក៏អាចជួយដល់អង្គភាពពាក់ព័ន្ធ ក្នុងការសិក្សាពីសក្ដានុពលធនធានរ៉ែ ក្នុងទូទាំងប្រទេសកម្ពុជាផងដែរ។
លើសពីនេះក្រុមហ៊ុនដែលកំពុងប្រតិបត្តិការ ក្នុងវិស័យរ៉ែក៏នឹងអាចកាត់បន្ថយ នូវការចំណាយថវិកា ពេលវេលាក្នុងការយកសំណាករ៉ែទៅពិសោធន៍នៅបរទេស ព្រមទាំងបានធ្វើឱ្យប្រទេសកម្ពុជា អាចមានប្រភពចំណូលថ្មីមួយបន្ថែមទៀតផងដែរ៕