(កំពត)៖ ជនដៃដល់ ២នាក់បន្ថែមទៀត ដែលពាក់ព័ន្ធករណីរំលោភបូកស្ដ្រីជនជាតិបារាំង នៅក្រុងកំពត ខេត្តកំពត កាលពីពេលកន្លងទៅ ត្រូវកម្លាំងនគរបាលខេត្តកំពត តាមចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ ក្រោយរត់ទៅលាក់ខ្លួននៅលើភ្នំបូកគោ។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ដែលដឹកនាំប្រតិបត្តិការផ្ទាល់ទៅដល់លើភ្នំបូកគោក បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា បន្ទាប់ពីចាប់ខ្លួនបក្ខពួកម្នាក់ កាលពីល្ងាចថ្ងៃទី១៥ ខែតុលាម្សិលមិញ ដោយសហការជាមួយកម្លាំងនគរបាលស្រុកព្រៃនប់ ជនដល់ក៏បានសារភាព និងប្រាប់ពីតម្រុយបន្ថែមចំពោះបក្ខពួក២នាក់ទៀត ដែលរត់គេចខ្លួន ទើបកម្លាំងប្រើប្រាស់វិធានការជំនាញ ឈានដល់ចាប់ខ្លួនបានតែម្ដង។
លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំ វាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរបើកឡានឈ្នួល ត្រូវចាប់ខ្លួនកាលពីម្សិលមិញ
*ទី២៖ ឈ្មោះ ពុំ លីវី ហៅហ្វ៊ី អាយុ១៩ឆ្នាំ នៅសាងគង់ ឃុំនិទាន ស្រុកបរសេដ ខេត្តកំពង់ស្ពឺ មុខរបរកម្មករ តទឹកនៅលើភ្នំបូកគោ
*ទី៣៖ ឈ្មោះ ង៉ែត នភា អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត មុខរបរកម្មករ តទឹកនៅលើភ្នំបូកគោ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ រហូតមកដល់ពេលនេះ ជនដៃដល់ទាំង៣នាក់ ដែលពាក់ព័ន្ធករណីនេះត្រូវកម្លាំងនគរបាលរបស់លោក តាមចាប់ខ្លួនបានអស់ហើយ ហើយពួកគេក៏បានសារភាពថា ពិតជាបានប្រព្រឹត្តអំពើរំលោភបូកទៅលើស្ដ្រីជនជាតិបារាំង នៅក្រុងកំពត កាលពីពេលកន្លងទៅប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ កំពុងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។
សូមជម្រាបថា កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ដ្រីជនជាតិបារាំងម្នាក់ អាយុ៤៣ឆ្នាំ ត្រូវបានមនុស្ស៣នាក់ ចាប់បង្ខំរុញចូលរថយន្តយកទៅចាប់រំលោភបូក (ក្នុងឡាន) នៅតាមផ្លូវចាក់បេតុង រួចចូលទៅក្នុងព្រៃស្ងាត់មួយកន្លែង នៅម្តុំឆ្នេរមាត់ព្រែកកំពត ក្រុងកំពត។ ក្រោយមកក្រុមជនដៃដល់ បានទម្លាក់ចុះរងគ្រោះចុះក្រោយ រួចគេចខ្លួនបាត់៕