(បាត់ដំបង)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «នីតិវិធីរៀបចំ និងអនុវត្តថវិការដ្ឋបាលក្រុង ស្រុក ខណ្ឌ» ជូនមន្ត្រីរាជការ ១៣៦នាក់ នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន៤ ភាគខាងលិចប្រទេស រួមមាន៖ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងកំពង់ឆ្នាំង ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់រួមអនុវត្តការកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព នៅសណ្ឋាគារខេមរាបាត់ដំបង១ ទីរួមខេត្តបាត់ដំបង។
ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានកិច្ចសហការរៀបចំពី វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ដល់១៨ ខែតុលា ឆ្នាំ២០១៩។
ថ្លែងក្នុងពិធីនោះ លោក ពេជ្រ សម្បត្តិ បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្នុងឆ្នាំ២០០៤ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ពិសេស «ភាពជឿទុកចិត្តនៃថវិកា« ក្នុងដំណាក់កាលទី១ និង «គណនេយ្យភាពហិរញ្ញវត្ថុ» ក្នុងដំណាក់កាលទី២។ បច្ចុប្បន្ន កម្មវិធីកែទម្រង់នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងគោលដៅបង្កើន «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» របស់រាជរដ្ឋាភិបាល និងត្រូវបញ្ចប់នៅឆ្នាំ២០២០ មុននឹងឈានទៅអនុវត្តដំណាក់កាលទី៤ (២០២១-២០២៥) ក្នុងគោលដៅគឺ «គណនេយ្យភាពសមិទ្ធកម្ម»។
លោកថ្លែងថា ជារួមការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺមិនគ្រាន់តែជាការផ្លាស់ប្តូររបៀប នៃការគ្រប់គ្រងថវិកាប៉ុណ្ណោះទេ ប៉ុន្តែគឺជាអភិក្រមដ៏សំខាន់បំផុតមួយ នៃការកែទម្រង់អភិបាលកិច្ច ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាពនៃការដឹកនាំ គ្រប់គ្រងការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពជូនប្រជាជន។ ក្នុងន័យនេះ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា បានចង្អុលឱ្យមានការរៀបចំ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ ដើម្បីប្រែក្លាយជាប្រព័ន្ធថវិកាកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយ ដែលមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។
ក្នុងស្មារតីនេះ លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ការកសាងសមត្ថភាពមន្ត្រីរាជការគឺជាការងារចាំបាច់ ដើម្បីសម្រេចនូវគោលដៅខាងលើនោះ។ ក្នុងនោះ គ្រប់អង្គភាពនៃរដ្ឋបាលក្រុង ស្រុក នៅទូទាំងប្រទេស ក៏ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារងារកសាងនិងអភិវឌ្ឍសមត្ថភាពនេះ ដើម្បីធ្វើឱ្យមន្ត្រីរាជការរបស់ខ្លួន មានចំណេះដឹង ជំនាញវិជ្ជាជីវៈ និងគុណវុឌ្ឍិគ្រប់គ្រាន់ សម្រាប់ចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសការអនុវត្តយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព ។
លោកអនុរដ្ឋលេខាធិការ បានបន្ថែមថា ជានិច្ចកាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងផ្តល់ការយកចិត្តទុកដាក់ជានិច្ចលើការបណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគាំទ្រគន្លឹះដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ជាក់ស្តែង ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៨កន្លងទៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំនិងអនុវត្តការបណ្តុះបណ្តាល និងវិក្រឹតការជាបន្តបន្ទាប់ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ន លើការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈ ដោយបណ្តុះបណ្តាលសិក្ខាកាមគោលដៅបាន ១៥.០៩២នាក់។
បើតាមលោក ពេជ្រ សម្បត្តិ បច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏កំពុងបន្តយុទ្ធនាការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនសិក្ខាកាមគោលដៅ ១០៤៥នាក់ ដែលជាមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុ, មន្ត្រីគ្រប់គ្រងថវិកា, រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករបុរេប្រទានរង, រជ្ជទេយ្យករចំណូល, រជ្ជទេយ្យករចំណូលរង និងមន្ត្រីទទួលបន្ទុកកិច្ចការលទ្ធកម្មសាធារណៈ នៃអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ន ដើម្បីឆ្លើយតបនឹងតម្រូវការ នៃការអនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ដំណាក់កាលទី៣ និងការត្រៀមខ្លួនសម្រាប់អនុវត្តដំណាក់កាលទី៤ ក្នុងពេលខាងមុខ។
លោកអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា សិក្ខាសាលាបណ្ដុះបណ្ដាលស្តីពី «នីតិវិធីរៀបចំនិងអនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ» នាពេលនេះ ពិតជាមានសារសំខាន់, ចាំបាច់ និងទាន់ពេល សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អនុលោមទៅតាមស្មារតីយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥។
លោកបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់គ្រប់បទឧទ្ទេស នៃសិក្ខាសាលាបណ្តុះបណ្តាលនេះ និងបានជំរុញលើកទឹកចិត្ត ដល់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបន្តសហការរៀបចំវគ្គបណ្តុះបណ្តាល ថ្មីៗថែមទៀត ជូនដល់មន្រ្តីរាជការ នៃអង្គភាពថវិការបស់គ្រប់អង្គភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់រួមចំណែកពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង ដើម្បីចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕