(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញនៅផ្សារស្លាបលែង និងតាមបណ្តាស្តង់នានា ដែលស្ថិតក្នុងស្រុកបសេដ្ឋ ដោយធ្វើការត្រួតពិនិត្យទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគវេចខ្ចប់ស្រាប់ ដើម្បីស្វែងរកទំនិញខូចគុណភាព ច្រែះស៊ី ឬហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ជៀសវាងប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
មន្ត្រីដែលបានចុះពិនិត្យបានឲ្យដឹងថា «លទ្ធផលយើងបានដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ នំចម្រុះ ទឹកក្រូច និងទឹកដោះគោជូរ សរុបចំនួន ១៦.៨ គីឡូក្រាម ដើម្បីធ្វើការកំទេចចោលទៅតាមនីតិវិធី ក្នុងនោះបានធ្វើកិច្ចសន្យាចំពោះក្រុមអាជីករផងដែរ»។
ទន្ទឹមនោះ មន្រ្តីដែលចុះពិនិត្យក៏បានណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់ឲ្យយល់ដឹងពីសុវត្ថិភាព គុណភាព និងអនាម័យនៃចំណីអាហារផងដែរ ជាពិសេសគឺការដាក់តាំងលក់ នូវផលិតផលដែលមានអនុលោមភាព៕