(ភ្នំពេញ)៖ ឯកសារសាធារណៈប្រមាណ ២សែនទំព័រ ក្នុងសំណុំរឿងករណី ០០២/១ ត្រូវបានប្រគល់មកឱ្យមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។
លោកស្រីជា សាវ៉ុន នាយិកាមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ (ម.ត.ឯ.ច.) បានថ្លែងថា «យើងទទួលបានឯកសារសាធារណៈ នៃសំណុំរឿង០០២វគ្គ១ ចំនួន ១៧.២៦៧សំណុំរឿង ដែលមានសរុបចំនួន ១៧៥.២៤៦ទំព័រ ជាភាសាខ្មែរ អង់គ្លេស បារាំង និងភាសាមួយចំនួនទៀត។ នាពេលខាងមុខនេះ យើងនឹងបញ្ចូលឯកសារទាំងនោះ ទៅក្នុងប្រព័ន្ធអេឡិចត្រូនិច ដើម្បីដាក់បម្រើការស្រាវជ្រាវ សម្រាប់អ្នកសិក្សាស្រាវជ្រាវ ដើមបណ្តឹងរដ្ឋប្បវេណី និងសាធារណជនទូទៅ ដូចក្នុងសំណុំរឿង០០១ ដែលបានផ្ទេរមកឱ្យមជ្ឈមណ្ឌលយើងរួចមកហើយ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ (ឯកសារសំណុំរឿង០០១ មានចំនួន ៧.០២៦សំណុំរឿង ជា៣ភាសាគឺខ្មែរ អង់គ្លេស និងបារាំង)»។
សំណុំឯកសារទាំងនេះ ត្រូវបានប្រគល់ឱ្យដោយអង្គភាពកំណត់ត្រា និងបណ្ណសារ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដោយអនុលោមតាមបេសកកម្មរបស់ ម.ត.ឯ.ច. ដែលមានតួនាទីជាឃ្លាំងសម្រាប់តម្កល់ឯកសារច្បាប់ និងឯកសារនានាពាក់ព័ន្ធនឹងនីតិវិធី ជំនុំជម្រះរបស់ អ.វ.ត.ក និងដោយអនុលោមតាមការផ្លាស់ប្តូរលិខិតរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។ នៅឆ្នាំ២០១៨ អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក. បានទទួលស្គាល់ ម.ត.ឯ.ច ជាគម្រោងសំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងសំណុំរឿង ០០២ ឆ្លើយតបទៅនឹងសំណើរបស់ដើមបណ្តឹងរដ្ឋប្បវេណី។
សូមរំឭកថា អគារមជ្ឈមណ្ឌលត្រូវបានសាងសង់ និងបំពាក់ហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិក ដោយជំនួយហិរញ្ញវត្ថុ ពីរដ្ឋាភិបាលជប៉ុន និងត្រូវបានបង្កើតឡើងជាអង្គភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយអនុក្រឹត្យលេខ ១៩៥ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។
មជ្ឈមណ្ឌលបើកជាសាធារណៈចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សម្រាកសាធារណៈ) ចាប់ពីម៉ោង ៨៖៣០ព្រឹកដល់ ៣៖៣០រសៀល។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលមានទីតាំងនៅតាម បណ្ដោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី ផ្លូវលេខ១៩២៨ និង១១២៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មជ្ឈមណ្ឌលនឹងត្រូវប្តូរទីតាំងទៅអគារថ្មី ក្នុងពេលឆាប់ខាងមុខនេះ ស្ថិតតាមបណ្តោយផ្លូវភ្លោះសហព័ន្ធរុស្ស៊ី ចន្លោះក្រសួងអភិវឌ្ឍន៍ជនបទ និងទីស្តីការគណៈរដ្ឋមន្រ្តី។
សម្រាប់ព័ត៌មានផ្សេងៗទៀត អំពីសកម្មភាពរបស់មជ្ឈមណ្ឌល លោកអ្នកអាចរកបាននៅលើទំព័រហ្វេសប៊ុក របស់មជ្ឈមណ្ឌល www.facebook.com/LDCeccc ឬគេហទំព័រ www.ldc-eccc.gov.kh៕