(តាកែវ)៖ អគារសិក្សាមួយខ្នង៦បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ត្នោតជុំ ស្ថិតនៅក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាអំណោយថវិកាអង្គការស្ពានកម្ពុជា-ហូឡង់ ចំនួន៤០,៥៩២ដុល្លារ រួមជាមួយប្រាក់បដិភាគរបស់សហគមន៍ក្នុងមូលដ្ឋាន១២,០០០ដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់។
ពិធីសម្ភោធនេះធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មានការចូលពីសំណាក់ លោក ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់, លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោក Gervit Bril តំណាងអង្គការស្ពានកម្ពុជា-ហូឡង់ ដែលបានធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ត្នោតជុំ ស្ថិតក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក Gervit Bril តំណាងឲ្យអង្គការស្ពានកម្ពុជា ហូឡង់ បានលើកឡើងថា អង្គការស្ពានកម្ពុជា-ហូឡង់ បានបំពេញការងារជាង១៣ឆ្នាំហើយ ក្នុងស្រុកត្រាំកក់នេះ ហើយលើកនេះទៀតសោតអង្គការ បានជួយដល់វិស័យអប់រំនៅកម្ពុជា ដើម្បីពង្រីកធនធានមនុស្សសំរាប់សង្គមជាតិ និងសូមឲ្យសិស្សានុសិស្សប្រើពេលវេលារបស់ខ្លួន ឲ្យទៅជាពេលលវេលាដ៏ស្រស់បំព្រង និងចូលរួមសំអាតបរិស្ថាន ព្រោះបរិស្ថានស្អាតយើងក៏រៀនបានល្អ។
លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានជំរុញឲ្យលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់លើការបង្រៀន និងរៀនរបស់សិស្សឲ្យបានល្អហ្មត់ចត់ ដើម្បីសិស្សប្រឡងជាប់និទ្ទេសល្អ ដែលជាកិត្តិយសសំរាប់សាលា។ សិស្សានុសិស្សក៏ត្រូវតែខិតខំរៀនសូត្រ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដើម្បីឆ្ពោះទៅក្លាយជាយុវជនឆ្នើម។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ត្រូវបន្តអនុវត្តរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមឲ្យបានគង់វង់។ មានសន្តិភាពទើបធ្វើអ្វីៗបានគ្រប់យ៉ាង ហើយចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងចូលរួមបណ្តុះបណ្តាលធនធានមនុស្ស ឲ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមយើង និងជាចក្ខុវិស័យទៅអនាគតសម្រាប់កម្ពុជា ត្រូវត្រៀមខ្លួនទទួលដំណើរមកដល់នៃយុគសម័យឌីជីថល៕