(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំ ស្ដីអំពីផែនការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ប្លន់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ស្នងការរងនគរបាលរាជធានីភ្នំពេញ, នាយ-នាយរងការិយាល័យ, អធិការ-អធិការរង និងមន្ដ្រីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើសេចក្ដីរាយការណ៍ អំពីស្ថានភាពបទល្មើសដែលកើតមានឡើង និងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាល ដែលរួមដៃគ្នាបង្ក្រាបបានជាបន្ដបន្ទាប់។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានធ្វើការកោតសរសើរដល់កម្លាំងរបស់នាយកដ្ឋានពាក់ព័ន្ធ និងកម្លាំងតាមបណ្តាខណ្ឌទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងរយៈកាលកន្លងមក ដោយបានធ្វើឲ្យបទល្មើសមានការថយចុះជាង៣០% បើធៀបទៅនឹងខែសីហា។ ជាពិសេសបទល្មើស ដែលកើតឡើង គឺត្រូវកម្លាំងបង្ក្រាបបានទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន និងលោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វើការណែនាំនូវមតិល្អៗជាច្រើនដល់អង្គប្រជុំ ត្រូវធ្វើយ៉ាងណាដើម្បីចូលរួម បង្ការ ទប់ស្កាត់រាល់បទល្មើសនានា កុំឲ្យកើតមានឡើង ជាពិសេសណែនាំឲ្យមានការសហការគ្នាល្អ និងខិតខំបន្ថែមដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរថែមទៀត៕