(ភ្នំពេញ)៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលមានសមត្ថភាពផលិត៥.២ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ វិនិយោគទឹកប្រាក់ជិត២៥លានដុល្លារអាមេរិក ត្រូវបានដាក់ដំណើរការ សាកល្បងហើយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។
លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែតុលានេះថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមននេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកបង្កើនបរិមាណ ផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋកាត់បន្ថយការចុះខ្សោយនៃសម្ពាធទឹកសម្រាប់ប្រើប្រាស់។
លោកអគ្គនាយកបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន មានសមត្ថភាពផលិតទឹក៥២,០០០ម៉ែត្រគូបក្នុង១ថ្ងៃ ដែលបានការគាំទ្រហិរញ្ញប្បទាន ពីទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរុបប្រមាណ២៥លានដុល្លារអាមេរិក ហើយក្រុមហ៊ុនទទួលសិទ្ធិម៉ៅការសាងសង់ VINCI (វ៉ាងស៊ី) របស់ប្រទេសបារាំង។
បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងដំណើការរោងចក្រផលិតទឹកស្អាតចំនួន៣ទីតាំង គឺរោងចក្រផលិតទឹកស្អាតនិរោធ ដែលមានសមត្ថភាពផលិតទឹកបាន២៦ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ, រោងចក្រផលិតទឹកស្អាតជ្រោចង្វារ ផលិតទឹកស្អាតបាន១៤ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ និងរោងចក្រផលិតទឹកស្អាតភូមិព្រែក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានសមត្ថភាពផលិតទឹកបាន១៧ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ។
នៅពេលរោងចក្រផលិតទឹកស្អាតចំការមន ដាក់ដំណើរការនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចផលិតទឹកស្អាតកើនឡើងជាង៦២ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ខណៈដែលតម្រូវការប្រើប្រាស់ទឹកមានទំហំច្រើនឡើង ដែលនាំឲ្យសម្ពាធទឹកធ្លាក់ចុះពិសេសប្រជាពលរដ្ឋ ដែលរស់នៅជាយៗក្រុង៕