(ភ្នំពេញ)៖ ក្រុមហ៊ុនទូរស័ព្ទ សែលកាត ប្រកាសចាប់ដៃគូ លើកម្ចីទិញទូរស័ព្ទ ជាមួយធនាគារកាថេយូណៃធីត នៅកម្ពុជា និង Cathay Financial Holdings ក្នុងគោលបំណងបង្រួមគម្លាតផ្នែកឌីជីថល ដល់អតិថិជន ជាពិសេសនៅតាមជនបទ។ ភាពជាដៃគូនេះ នឹងជួយសម្រួលដល់ការផ្តល់ប្រាក់កម្ចីផ្ទាល់ខ្លួន ដល់អតិថិជនសែលកាត។
ប្រាក់កម្ចីទិញទូរស័ព្ទ គឺជាដំណោះស្រាយដែលមិនតម្រូវ ឲ្យអតិថិជនបង្ហាញខ្លួនដោយផ្ទាល់នៅធនាគារ ក្នុងអំឡុងពេលដាក់ពាក្យសុំនោះទេ។ ផ្ទុយទៅវិញ ការស្នើសុំប្រាក់កម្ចីអាចធ្វើបាន នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុនសែលកាត ដែលមានទីតាំងនៅលើមហាវិថីព្រះសីហនុ។ កម្ចីទិញទូរស័ព្ទ នឹងកាត់បន្ថយពេលវេលារង់ចាំយ៉ាងច្រើន សម្រាប់អតិថិជនបើប្រៀបធៀបទៅនឹងធនាគារធម្មតា រួមជាមួយការគាំទ្រផ្នែកហិរញ្ញប្បទាន តាមតម្រូវការផងដែរ។
លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានថ្លែងថា «ចក្ខុវិស័យរបស់យើង គឺជួយរៀបចំឲ្យប្រទេសកម្ពុជា មានការផ្លាស់ប្តូរផ្នែកឌីជីថល ដើម្បីពន្លឿនការគ្របដណ្តប់ផ្នែកហិរញ្ញវត្ថុ និងផ្តល់ ភាពងាយស្រួលដល់អតិថិជនសែលកាតទាំងអស់ ដែលរស់នៅក្នុងទីក្រុង និងក៏ដូចជានៅតំបន់ជនបទ»។
លោក Marcus Lopez អនុប្រធាននាយកប្រតិបត្តិ និងជាប្រធានផ្នែកឌីជីថល ទិន្នន័យ និងបច្ចេកវិទ្យានៅក្រុមហ៊ុន Cathay Financial Holdings បានថ្លែងថា យើងរីករាយណាស់ ដែលបានសហការជាមួយសែលកាត ក្នុងការកែប្រែជីវភាពរបស់អតិថិជនជាច្រើនរបស់សែលកាត។
លោកថា «ភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យយើងបង្កើតគំរូឥណទានស្វាហាប់ តាមរយៈវិធីសាស្រ្តដែលអាស្រ័យ លើទិន្នន័យ និងការជួយរកដំណោះស្រាយដល់អតិថិជន។ ដោយមានការិយាល័យជាង២១៤កន្លែង នៅទូទាំងពិភពលោក និងវត្តមានច្រើន ក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក យើងខ្ញុំបើកលទ្ធភាពដល់រាល់ឱកាស ក្នុងការបង្កើតបរិយាកាសធុរកិច្ច ឲ្យកាន់តែរំភើបនៅក្នុងតំបន់»។
នាយកប្រតិបត្តិ នៃធនាគារកាថេយូណៃធីត កញ្ញា Alice Chuang បានថ្លែងថា «ក្នុងនាមជាធនាគារក្រៅស្រុក យើងមានកិត្តិយសណាស់ ដែលបានចូលរួម និងសហការជាមួយក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា។ យើងទន្ទឹងរង់ចាំ នាំមកនូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយ ភាពច្នៃប្រឌិតបន្ថែមទៀត នៅក្នុងតំបន់តាមមាគ៌ា នៃការផ្លាស់ប្តូរឌីជីថល របស់ធនាគារកាថេយូណៃធីត»។
កញ្ញាបន្ដថា ភាពជាដៃគូ នេះគូសបញ្ជាក់ពីការផ្លាស់ប្តូរដែលធនាគារកាថេយូណៃធីត មានឆន្ទៈក្នុងការធ្វើ និងការប្តេជ្ញាចិត្តរបស់យើង ចំពោះប្រជាជនកម្ពុជា តាមរយៈការទទួលយកបច្ចេកវិទ្យា ដែលបង្កើតតម្លៃ ដល់អតិថិជនរបស់យើង។ យើងមានសេចក្តីសោមនស្សរីករាយដែលថា ការសហការនេះ នឹងបម្រើដល់អតិថិជនកាន់តែច្រើន ពីក្រុមហ៊ុនសែលកាត នៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា Cathay Financial Holdings គឺជាក្រុមហ៊ុនហិរញ្ញវត្ថុធំជាងគេនៅតៃវ៉ាន់ និងជាអ្នកផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុឈានមុខគេ។ បុត្រសម្ព័ន្ធធំៗ របស់ក្រុមហ៊ុនរួមមាន៖ ធានារ៉ាប់រងអាយុជីវិត Cathay, ធនាគារ Cathay United, ធានារ៉ាប់រង Cathay Century, Cathay Securities Investment Trust និង Cathay Securities៕